ក្រសួងពាណិជ្ជកម្មណែនាំឲ្យក្រុមឈ្មួញអង្ករសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣១ ០៣ ២០២០៖

 ក្រសួងពាណិជ្ជកម្ម ណែនាំឲ្យក្រុមឈ្មួញអង្ករសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុន ហ្គ្រីដ ត្រេដ ដែលជាក្រុមហ៊ុននាំចេញអង្ករ ដើម្បីបានព័ត៌មានស្តីពីឥណទានសម្រាប់ប្រមូលទិញស្រូវ ក្នុងអំឡុងពេលកម្ពុជាប្រឈមការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែមីនានេះ បានបញ្ជាក់ថា ដើម្បីធានាប្រក្រតីភាពនៃការធ្វើអាជីវកម្ម ពាណិជ្ជកម្មស្រូវ អង្ករ នៅកម្ពុជា សូមអំពាវនាវឲ្យសហព័ន្ធស្រូវអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអាជីវកម្ម អាចទាក់ទងជាមួយក្រុមហ៊ុន ហ្គ្រីដ ត្រេដ នៃក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីបានព័ត៌មាននានាទាក់ទងនឹងឥណទាន និងសន្តិសុខស្បៀងនៅកម្ពុជា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
សេចក្តីណែនាំនេះ ធ្វើឡើងក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកបណ្តោះអាសន្ននូវការនាំចេញស្រូវ និងអង្ករទៅក្រៅប្រទេស លើកលែងតែអង្ករក្រអូប ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ខណៈកន្លងមកអង្ករស និងស្រូវរបស់កម្ពុជាភាគច្រើននាំចេញទៅប្រទេសជិតខាងដូចជាវៀតណាម និងថៃ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីម្សិលមិញ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងទម្លាក់ថវិកាឲ្យរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីប្រជាពលរដ្ឋមករក្សាទុកក្នុងតម្លៃសមរម្យ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជា ស្របពេលប្រទេសជាតិកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩៕