មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថារាល់ឧបករណ៍ធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ដែលដាក់លក់សព្វថ្ងៃគឺមិនមានប្រសិទ្ធិភាពត្រឹមត្រូវនោះទេ

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី
MC: លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថារាល់ឧបករណ៍ដើម្បីវិភាគរកមេរោគកូវីដ១៩ដែលដាក់លក់សព្វថ្ងៃគឺមិនមានប្រសិទ្ធិភាពត្រឹមត្រូវនោះទេ ព្រោះពុំមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ហើយសូមប្រពលរដ្ឋទំាង អស់កុំជឿលើផលិតផលទាំងនោះឲ្យសោះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបញ្ជាក់ថា តាមការពន្យល់របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា រ៉ាប់ភិថេះជាឧបករណ៍ធ្វើតេស្តវិភាគរកមេរោគកូវីដ១៩នេះមិនទាន់មានការណែនាំឲ្យប្រើប្រាស់នោះទេ ដោយសារឧបករណ៍នេះគឺនៅពេលធ្វើតេស្តរកមេរោគគឺមានប្រសិទ្ធិភាពទាបបំផុត។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»កាលពីរសៀលថ្ងៃទី៣០ខែមីនានាទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវបានបន្ថែមថា ពាក់ព័ន្ធនឹងការធ្វើតេស្តរកមេរោគកូវីដ១៩វិញ គឺក្រសួងសុខាភិបាលកម្ពុជា បានសម្រេចរួចហើយ ទី១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងទី២គឺវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ដែលជាទីតាំង ទទួលការធ្វើតេស្តវិភាគនូវសំណាកផ្សេងៗ ដែលត្រូវបានបញ្ជូនមកពីបណ្តាមន្ទីរពេទ្យឬក៏ក្រុមគ្រូពេទ្យដែលគាត់បានចុះទៅស្រាវជ្រាវពីបងប្អូនប្រជាពលរដ្ឋយើងក្នុងពេលដែលមានករណីសង្ស័យណាមួយ ដើម្បីរកមេរោគកូវីដ១៩នេះ។
(សំឡេង)ចឹងថ្ងៃនេះខ្ញុំសូមឆ្លៀតជំរាបជូនបន្តិចទៅចុះថាហេតុអីតាមការសិក្សាទៅតាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោកទៅគេសង្កេតឃើញថាឧបករណ៍ទាំងណុងវាមានប្រសិទ្ធិទាបមែនទែនក្នុងការធ្វើតេស្តគេប្រើពាក្យលោកមានន័យថាការធ្វើជំនឿលលើលទ្ធផលដែលធ្វើទៅវាទាបសឹងតែយកជាការមិនបានម៉ងនឹងណាស់។
លោកជំទាវបានបញ្ជាក់បន្ថែមថា ចំពោះករណីបងប្អូនប្រជាពលរដ្ឋ ឬក៏អ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ គឺជាព័ត៌មានមិនពិត ហើយអ្នកទាំងនេះនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន ។
លោកជំទាវ បញ្ជាក់ថា បច្ចុប្បន្ននេះពុំទាន់មានព័ត៌មានណាមួយបញ្ជាក់ថាមានម៉ាស៊ីន វត្ថុ ឬឧបករណ៍ណាមួយ សម្រាប់ធ្វើវិភាគនោះឡើយ ក្រៅតែពីការវិភាគ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក គឺមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ និងមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាកុំចាញ់បោកការលក់ដូរទាំងនេះ ហើយទិញសម្ភារ ឬឧបករណ៍ទាំងឡាយនេះយកទៅប្រើប្រាស់ ព្រោះនឹងនាំឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងផង៕