សម្តេចតេជោហ៊ុនសែន អំពាវនាវឱ្យប្រជាពលរដ្ឋបង្វែរភាពភ័យខ្លាចទៅជាវិធានការការពារខ្លួនវិញ

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋ បង្វែរភាពភ័យខ្លាចឲ្យទៅជាវិធានការការពារខ្លួនវិញ ខណៈដែលជម្ងឺកូវីដ១៩នេះនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែ មីនា នាវិមានរដ្ឋសភាពថា ប្រជាជនទាំងអស់ ត្រូវចូលរួមធ្វើអនាម័យឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួង      សុខា​ភិបាល ជាពិសេសចំពោះពលករដែលទើបតែចាកចេញមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ រយះពេល១៤ថ្ងៃសិន ដើម្បីតាមដានសុខភាព ជៀសវាងការចម្លងជម្ងឺនេះទៅក្រុមគ្រួសារ និងសហគមន៍។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ប្រសិនបើមានការសង្ស័យ ឬមានពលរដ្ឋណាម្នាក់ក្តៅខ្លួន ត្រូវរាយការណ៍ជាបន្ទាន់កាន់គ្រូពេទ្យ ឬលេខទូរស័ព្ទ១១៥ ដើម្បីអោយមន្ត្រីសុខាភិបាល ចាត់វិធានការភ្លាមៗផងដែរ។

សម្លេង៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំច្រើនរួចមកហើយតាមរូបភាពជាច្រើន ខ្ញុំក៏សូមអរគុណដល់បណ្ដាញផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែលបានចូលរួមនៅក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយ អំពីការការពារសុខភាព ការអនាម័យ អរគុណចំពោះសិល្បករសិល្បការិនី អ្នកនិពន្ធទាំងឡាយ ដែលបាននិពន្ធបទចម្រៀង ឬនិពន្ធរឿងខ្លីៗ បង្កើតបានជាចំណុច នៃការជួយទៅដល់រឿងទាក់ទិននឹងការអប់រំនេះ។ អញ្ចឹងក្រសួងសុខាភិបាលបានធ្វើហើយ ហើយគ្រប់ទីកន្លែងក៏បានធ្វើការណែនាំ ចំពោះមនុស្សទាំងឡាយ ហើយជាពិសេសចាប់ផ្ដើមពីខ្លួនយើងទាំងអស់គ្នា យើងបានរយៈពេលកន្លងទៅ គឺបានកាត់បន្ថយនៅការនៅកៀកគ្នា កាត់បន្ថយនូវការជួបជុំទំហំធំ និងកាត់បន្ថយនូវបញ្ហា ដែលវាអាចនាំទៅដល់ការរីករាលដាលនៃជំងឺឆ្លង។ ជាពិសេសពលករដែលមកពីប្រទេសថៃ ដែលមកដល់ពេលនេះ តួលេខពីក្រសួងមហាផ្ទៃបានបង្ហាញថា មកពីប្រទេសថៃមានជាង៥ម៉ឺននាក់ សូមឱ្យបងប្អូនជាង៥ម៉ឺននាក់នោះ ដាក់ខ្លួននៅនឹងកន្លែង។ចំពោះប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ យើងមិនអាចប្រមូលផ្ដុំមនុស្សទាំង៥ម៉ឺននាក់នេះ ទៅនៅទុកនៅកន្លែងដែលដាក់ដោយឡែកបានអស់នោះទេ ប៉ុន្តែយើងត្រូវពិនិត្យគ្រប់គ្រងគោលដៅទាំងអស់ ភូមិទាំងអស់ ដែលមានបងប្អូនមកពីប្រទេសថៃ ឬមកពីប្រទេសក្រៅ។ បងប្អូនដែលមកពីប្រទេសថៃទាំងឡាយ សូមឲ្យមានការប្រុងប្រយ័ត្នខ្លួនឯងតែម្ដង កុំឲ្យខ្លួនឯងក្លាយទៅជាអ្នកដែលមានជំងឺនោះ ហើយយកជំងឺនោះមកចម្លងឲ្យគ្រួសារនិងនៅក្នុងសហគមន៍ នេះជាកង្វល់មួយ រួចផុតពីរយៈពេល១៤ថ្ងៃទើបយើងនិងអាចដឹងបាន ហើយត្រូវដាក់ខ្លួនឲ្យនៅឆ្ងាយពីគេក្នុងរយៈពេល ១៤ថ្ងៃ នៅពេលណាដែលមានបញ្ហា គឺត្រូវតែរួសរាន់រកគ្រូពេទ្យភ្លាម។

សម្តេចតេជោ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ព្យាយាមនៅក្នុងផ្ទះឲ្យបានច្រើនប្រសិនបើគ្មានការបាច់ ជៀសវាងការចេញទៅក្រៅជួបជុំគ្នា ដែលនេះជាវិធានការមួយក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីត១៩ន៕