ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋកំពុងពិនិត្យលទ្ធភាពបញ្ចេញថវិកា៥០០ទៅ៦០០លានដុល្លារ ដើម្បីឱ្យធនាគារឯកជនខ្ចីក្នុងអត្រាការប្រាក់ទាប

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 30,03,2020 ៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋកំពុងពិនិត្យក្នុងការបញ្ចេញថវិកា៥០០ទៅ៦០០លានដុល្លារ ដើម្បីឱ្យធនាគារឯកជននិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចខ្ចីក្នុងអត្រាការប្រាក់ទាប ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យក្នុងការបញ្ចេញថវិកា៥០០ទៅ៦០០លានដុល្លារ ដើម្បីជួយដល់ធនាគារឯកជននិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចខ្ចីពីរាជរដ្ឋាភិបាលក្នុងអត្រាការប្រាក់ទាប ។ ការលើកឡើងរបស់សម្តេចតេជោបែបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការបើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។
សម្តេចតេជោ បញ្ជាក់ថា ការផ្តល់ឲ្យធនាគារឯកជននូវអត្រាការប្រាក់ទាបនេះ គឺដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងទៅខ្ចីប្រាក់ពីធនាគារ ទទួលបានអត្រាការប្រាក់ទាបដូចគ្នា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងតែជួបវិបត្តិនៃការរាតត្បាតវីរុស COVID-19 ។
ហើយយើងក៏កំពុងតែពិនិត្យអំពីលទ្ធភាពបញ្ចេញទុនរបស់រាជរដ្ឋាភិបាល ៥០០ ឬ៦០០លានដុល្លារ ដើម្បីឲ្យធនាគារឯកទេសខ្ចីក្នុងអត្រាការប្រាក់ទាប ហើយធនាគារឯកទេសទាំងនោះនឹងយកទៅឱ្យអ្នកធ្វើអាជីវកម្មដោយការប្រាក់ទាបដែល ។យើងកំពុងពិនិត្យបញ្ហានេះ ប៉ុន្តែមិនទាន់ឈានដល់ទេ តែយើងនឹងឈានដល់នៅជុំទី២ យើងប្រកាសជុំទី១ហើយ ជុំទី២ ឬជុំទី៣ អំពីលទ្ធភាពនៃការបញ្ចេញទុនបំរុងរបស់រដ្ឋ ប្រាក់សន្សំរបស់រដ្ឋ ៥០០ឬ ៦០០លានដុល្លារ ទៅឲ្យផ្នែកធនាគារឯកជន សហគ្រាសឯកជន ព្រោះរដ្ឋមិនអាចឲ្យឯកជនមកខ្ចីផ្ទាល់ទេ រដ្ឋមានសិទ្ធិត្រឹមតែឲ្យធនាគារឯកជនឲ្យមកខ្ចីទាំងអត្រាការប្រាក់ទាប រួចហើយប្រើប្រាស់កម្ចីនេះធ្វើឲ្យអ្នកខ្ចីក្នុងអត្រាការប្រាក់ទាបតគ្នា ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដក្នុងប្រទេសកម្ពុជា ៕