សម្ដេចតេជោ ហ៊ុនសែន បញ្ជាឱ្យបិទការនាំចេញអង្ករស និងស្រូវទៅក្រៅប្រទេស តែអនុញ្ញាឲ្យ អង្ករក្រអូបអាចនាំចេញជាធម្មតា

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០
៖ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាឱ្យបិទការនាំចេញអង្ករសរ និងស្រូវទៅក្រៅប្រទេស ដើម្បីធានាផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលក្នុងស្រុកក្នុងកាលៈទេសៈពិភពលោកកំពុងព្រួយបារម្ភជំងឺកូវិត១៩ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣០ ខែមីនាថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលសម្រេចបិទការនាំចេញអង្ករសរ និងស្រូវទៅក្រៅប្រទេសជាបន្ដោះអាសន្ន ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០ខាងមុខនេះ លើកលែងតែស្រូវក្រអូប គឺត្រូវនាំចេញជាធម្មតា ដើម្បីរក្សាស្បៀងនៅក្នុងស្រុក ។
សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងចំណាយថវិកា និងផ្ដល់ទុនទៅឱ្យរោងម៉ាស៊ីនកិនស្រូវដើម្បីប្រមូលទិញស្រូវពីប្រជាពលរដ្ឋ សម្រាប់រក្សាទុកក្នុងការបម្រុងរបស់រដ្ឋក្នុងដំណាក់កាលណាមួយ។ ការបន្ដអនុញ្ញាតឲ្យការនាំចេញអង្ករក្រអូបទៅក្រៅប្រទេសនេះ ដោយសារតែអង្ករក្រអូបគឺមិនមានចំនួនច្រើននោះទេ និងប្រជាពលរដ្ឋមិនសូវមានតម្រូវការច្រើនផងដែរ៕
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវបន្ដពិនិត្យបញ្ហានេះ ដើម្បីទម្លាក់ថវិកាទៅឱ្យរោងម៉ាស៊ីនកិនស្រូវនិងស្តុតស្រូវ ដើម្បីទទួលទិញស្រូវអង្ករពីប្រជាពលរដ្ឋ ដោយសារពេលមុននេះ ស្រូវប្រជាពលរដ្ឋត្រូវលក់ទៅឱ្យប្រទេសវៀតណាម និងប្រទេសថៃ ឥឡូវចាំបាច់ត្រូវតែឱ្យរោងម៉ាស៊ីនកិនស្រូវយើងទិញស្រូវនេះ ដើម្បីរក្សាតម្លៃស្រូវរបស់ប្រជាពលរដ្ឋ ខ្ញុំបានផ្ដល់បទបញ្ជានេះទៅឱ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រីអូនព័ន្ធមុន្នីរដ្ឋធ្វើការពិនិត្យ ដើម្បីឆ្លើយទៅនឹងការកង្វះទុករបស់រោងម៉ាស៊ីនកិនស្រូវក្នុងការទិញប្រមូលស្រូវជំនួសឱ្យឈ្មួញដែលធ្លាប់ទិញស្រូវពីប្រជាពលរដ្ឋនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃ ចឹងបើឈ្មួញទាំងនោះ មិនមកទិញទៀតទេ ប្រជាពលរដ្ឋយើងមិនដឹងលក់ស្រូវទៅអោយអ្នកណាទៀតទេ ចឹងមានតែជម្រើសមួយ គឺរដ្ឋត្រូវតែផ្ដល់ទុនទៅឱ្យរោងម៉ាស៊ីនកិនស្រូវ ដើម្បីស្រូវយកមករក្សាទុក ដើម្បីបម្រុងរបស់រដ្ឋ នៅក្នុងដំណាក់កាលណាមួយរហូតមានបទបញ្ជាជាថ្មីយើងត្រូវតែរក្សាស្បៀងនៅក្នុងស្រុករបស់យើង ហើយស្បៀងនេះ ខ្ញុំមិនសំដៅទៅលើដំឡូងមី ពោត សណ្ដែកនោះទេ គឺទៅលើអង្ករតែម្ដង ហើយអង្ករនេះសំដៅតែអង្ករសរ និងស្រូវតែបុណ្ណោះ តែអង្ករក្រហូបរបស់យើងដែលចុះកុងត្រាទៅសហភាពអឺរ៉ុប និងទៅប្រទេសមួយចំនួន ហើយមិនមានបរិមាណមិនច្រើន គឺសុំឱ្យបន្ដការនាំចេញ ខ្ញុំបញ្ជាក់សារជាថ្មីសុំឱ្យរោងម៉ាស៊ីនកិនស្រូវយកចិត្ដទុកដាក់រកប្រមូលទិញស្រូវដែលមានកន្លែងប្រជាពលរដ្ឋច្រូតកាត់ ហើយត្រូវការលក់ស្រូវ និងរក្សាតម្លៃស្រូវឱ្យបានល្អ ជៀសវាងការបង្អាប់ថ្លៃ គឺជារឿងមិនល្អទេ និងចាប់អនុវត្ដពីម៉ោង២៣:៥៩នាទីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០តទៅយើទុកពេលមួយអាទិត្យ ដើម្បីឱ្យក្មួយនាំចេញឱ្យផុត ប៉ុន្ដែបន្ទាប់ពីម៉ោង២៣:៥៩នាទីថ្ងៃទី៥ខែមេសាឆ្នាំ២០២០បទបញ្ជានេះចូលជាធរមានហើយក្រសួងពាណិជ្ជកម្មត្រូវធ្វើការផ្សព្វផ្សាយរឿងនេះឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន បន្ទាប់ពីទទួលបទបញ្ជានេះ” ។