ប្រទេសម៉ាឡេស៊ីប្រកាសអំពីកញ្ចប់ថវិកាជាង ៥៧ប៊ីលានដុល្លារអាម៉េរិក សម្រាប់ចំណាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

AKP ភ្នំពេញ  ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyddin Yassin បានប្រកាសអំពីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច​ដែលមានចំនួន ២៥០ប៊ីលានរីងហ្គីត (ស្មើនឹង ៥៧,៥ប៊ីលានដុល្លារអាម៉េរិក) ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដោយសារជំងឺ រាតត្បាត COVID-19។

កញ្ចប់ថវិកានេះរួមមានទឹកប្រាក់ចំនួន ១២៨ប៊ីលានរីងហ្គីត សម្រាប់កម្មវិធីសុខុមាលភាព និងថវិកាចំនួន ១០០ប៊ីលានរីងហ្គីត សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនអាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ផងដែរ ដែលមានន័យថា ជួយដល់អ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរំខានផ្នែកសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃជំងឺ COVID-19។

នាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បានថ្លែងក្នុងពេលប្រកាសផ្សាយផ្ទាល់តាមទូរទស្សន៍ថា  «គ្មាននរណាម្នាក់នឹងត្រូវ​បោះបង់ចោលឡើយ»។

លោកបាននិយាយបន្ថែមថា សាច់ប្រាក់ចំនួន ១០ប៊ីលានរីងហ្គីត នឹងត្រូវចំណាយដើម្បីគាំទ្រដល់ក្រុមមានប្រាក់ចំណូលទាប និងពាក់កណ្តាល។

កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច គឺបន្ថែមទៅលើកញ្ចប់ថវិកាសារពើពន្ធ ២០ប៊ីលានរីងហ្គីដ ដែលបានប្រកាសកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​ ២០២០។

នៅយប់ថ្ងៃទី ២៦ ខែមីនា ប្រទេសនេះបានរាយការណ៍ថា មានមនុស្សឆ្លងមេរោគនេះចំនួន ២.០៣១នាក់ ដោយក្នុងនោះមានអ្នក​ស្លាប់ចំនួន ២៤នាក់។ រដ្ឋាភិបាលបានសម្រេចពង្រីកបទបញ្ជាគ្រប់គ្រងការធ្វើ បម្លាស់ទីរហូតដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២០ ជំនួសឲ្យបទបញ្ជាកាលពីលើកមុនដែលត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)