រដ្ឋសភាសម្រេចសុំការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ ៣០ ០៣ ២០២០៖

រដ្ឋសភា សម្រេចការសុំការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរឡើងថែមទៀត។
សមាសភាពរាជរដ្ឋាភិបាល ដែលត្រូវរដ្ឋសភាពេញអង្គផ្តល់សេចក្តីទុកចិត្តនៅក្នុងសម័យប្រជុំវិសាមញ្ញ នាថ្ងៃទី៣០ ខែមីនានេះ មាន៖ ឯកឧត្តម ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសឯកឧត្តម អង្ស វង្សវឌ្ឍានា ដែលត្រូវតម្លើជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសសេស ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសឯកឧត្តម ត្រាំ អ៊ីវតឹក ដែលត្រូវតម្លើជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសសេស ឯកឧត្តម ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំនួសឯកឧត្តម ហ៊ឹម ឆែម ដែលត្រូវតម្លើជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសសេស និងឯកឧត្តម ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជំនួសឯកឧត្តម ពេជ្រ ប៊ុនធិន ដែលត្រូវតម្លើជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសសេស។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសទទួលស្គាល់សមាសភាពរាជរដ្ឋាភិបាលថ្មី ដែលត្រូវបានកែសម្រួលនេះ។
បើតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការស្នើសុំកែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលនេះ ដោយយោងតាមតម្រូវការចាំបាច់ ក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល៕