រដ្ឋមន្រ្តីវៀតណាមអំពាវនាវឲ្យប្រជាជនសហការ ជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — រដ្ឋមន្រ្តី និងជាប្រធានការិយាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានសម្តែងក្តី​សង្ឃឹមថា ប្រជាជន និងបណ្តាក្រុមហ៊ុនអាជីវកម្មនិងរក្សាភាពស្ងប់ស្ងាត់ នឹងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានផ្តល់ដល់ប្រព័ន្ធផ្សព្វផ្សាយអំពីការអនុវត្តសេចក្តីណែនាំលេខ 15/CT-TTq ដែលបាន​ដាក់ចេញដោយនាយករដ្ឋមន្រ្តីវៀតណាមកាលពីថ្ងៃទី ២៧ ខែមីនា លោក Dung បាននិយាយថា ការរីករាលដាលនៃជំងឺរាតត្បាតនា​ពេលបច្ចុប្បន្ននេះ តម្រូវឲ្យមានសកម្មភាពខ្លាំងក្លាបន្ថែមទៀត។

លោកបានធានាអះអាងថា នៅពេលដែលប្រទេសជាច្រើនរាយការណ៍អំពីការកើនឡើងខ្ពស់នៃករណីឆ្លងជំងឺនេះ ស្ថានភាពនៅក្នុងប្រទេសវៀតណាមនៅតែស្ថិតក្រោមការគ្រប់គ្រងបាន។

លោករដ្ឋមន្រ្តីរូបនេះបានចង្អុលបង្ហាញថា បច្ចុប្បន្នមានភ្ញៀវទេសចរណ៍មកពីបរទេសក្នុងប្រទេស វៀតណាមតិចតួច ដោយសារ​តែការផ្អាកជើងហោះហើរអន្តរជាតិស្ទើរតែទាំងអស់។ អ្នកដែលត្រូវបានអនុញ្ញាតឲ្យចូលប្រទេសវៀតណាមទាំងអស់ ត្រូវបានដាក់ឱ្យស្ថិត​ក្រោមការនៅដាច់ដោយឡែក។

យោងលោករដ្ឋមន្រ្តីរូបនេះបានឲ្យដឹងថា វៀតណាមបានចាត់វិធានការមុនពេល និងដោយការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រយុទ្ធ​ប្រឆាំងនេះ។ លោក Dung បានសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសនេះមិនមានការប្រុងប្រយ័ត្នខ្ពស់នោះទេ នោះស្ថានការណ៍អាចនឹងកាន់​តែអាក្រក់ទៅៗ។

ដោយផ្តោតទៅលើវិធានការណ៍ចំនួន ១៥ រួមមានការហាមឃាត់ព្រឹត្តិការណ៍នានា និងការប្រជុំនានាដែលមានមនុស្សច្រើនជាង ២០នាក់ និងការប្រមូលផ្តុំមនុស្សច្រើនជាង ១០នាក់នៅខាងក្រៅការិយាល័យ សាលារៀន និងមន្ទីរពេទ្យ។

ប៉ុន្តែវិធានការនេះមិនត្រូវបានអនុវត្តទេចំពោះករណីដូចជាធ្វើការនៅការិយាល័យ ឬធនាគារជាដើម។ ទោះជាយ៉ាងណា យើងបានផ្តល់យោបល់ឱ្យទីភ្នាក់ងារ និងអង្គភាពនានា កាត់បន្ថយចំនួនប្រតិភូនៅក្នុងកិច្ចប្រជុំនានាឲ្យស្ថិតនៅក្រោម ២០នាក់ ហើយប្តូរ​ទៅធ្វើការតាមប្រព័ន្ធអ៊ិនធឺណេតវិញ ដើម្បីកាត់បន្ថយចំនួននិយោជិកនៅកន្លែងធ្វើការជាក់លាក់មួយ។

មន្ត្រីរូបនោះក៏បានបដិសេធផងដែរចំពោះពាក្យចចាមអារ៉ាមអំពីការបិទទ្វារទីក្រុងសំខាន់ៗ ដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដោយលោកបាននិយាយបន្ថែមថា លោកនាយករដ្ឋមន្រ្តីគ្រាន់តែបញ្ជាឱ្យបិទអាជីវកម្មដែលមិនចាំបាច់មួយចំនួន លើកលែងតែ​អ្នកផ្គត់ផ្គង់ម្ហូបអាហារ ឱសថស្ថាន ស្ថានីយ៍ប្រេងសាំង សេវាសុខភាព និងសេវាព្យាបាលនានា៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)