សម្តេចតេជោហ៊ុនសែនបញ្ជាអោយក្រសួងសុខាភិបាល សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបនិងរឹបអូសជាបន្ទាន់រាល់ឧបករណ៍វិភាគរកមេរោគកូវីដ១៩ ដែលកំពុងដាក់លក់និងផ្សព្វផ្សាយលក់តាមអនឡាញគ្រប់រាជធានីខេត្ត

វិទ្យុ​ជាតិ​កម្ពុជា​៖

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៩ខែមីនានេះបានផ្ញើរសារជាសម្លេង ដោយបានណែនាំនិងបញ្ជាអោយក្រសួងសុខាភិបាល សហការជាមួយក្រសួងយុត្តិធម៌ និងរដ្ឋបាលរាជធានីខេត្ត ចាត់កម្លាំងសមត្ថកិច្ចចុះបង្ក្រាបរឹបអូសជាបន្ទាន់រាល់ឧបករណ៍វិភាគរកមេរោគកូវីដ១៩ ដែលកំពុងដាក់លក់នៅតាមអនឡាញគ្រប់រាជធានីខេត្ត ដើម្បីការពារសុខភាពនិងផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា មកដល់ពេលនេះលែងជាដំណាក់កាលអប់រំទៀតហើយ គឺចុះចាប់តែម្តង កុំអោយអ្នករកស៉ីមិនត្រឹមត្រូវទាំងនោះបង្ក ការភាន់ច្រឡំដល់ប្រជាពលរដ្ឋ ពិសេសទប់ស្កាត់កុំអោយប្រជាពលរដ្ឋរងគ្រោះដោយជម្ងឺរាតត្បាតកូវីដ១៩នេះហើយ គឺរងគ្រោះដោយសារកត្តាមនុស្សតទៅទៀត។
សម្តេចតេជោបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះកាន់តែរីករាលដាល់ដោយមានគណនេយ្យហ្វេសប៊ុកជាច្រើនបានផ្សព្វផ្សាយលក់ឧបករណ៍ដើម្បីវិភាគរកមេរោគកូវីដ១៩នៅតាមបណ្តាញសង្គម ដែលជាផលិតផលក្លែងក្លាយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ជាចុងក្រោយនេះ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជារអោយកម្លាំងសមត្ថកិច្ចនៅគ្រប់ច្រកព្រំដែនទាំងអស់ត្រូវបង្កើនការត្រួតពិនិត្យ ទប់ស្កាត់កុំអោយឧបករណ៍នេះចរាចរណ៍ចូលមកក្នុងប្រទេសកម្ពុជាតទៅទៀត។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី២៩ខែមីនាក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯងនោះឡើយ។
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះគឺនៅទាបណាស់ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន ។រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាលបានព្រមានថាជនដែលប្រើឧបករណ៍សម្រាប់តេស្តរហ័សរកមេរោគកូវីដ១៩មកផ្សព្វផ្សាយនិងលក់ជាសាធារណៈដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។