អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ ​ច្រានចោលទាំងស្រុងនូវព័ត៌មានថា​ មានការបិទក្រុង​ដែលជាការប្រឌិតក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គម

វិទ្យុ​ជាតិ​កម្ពុជា​៖​ ដោយ​  លោក​ ចន​ ណារិទ្ធ​៖

​ រាជធានីភ្នំពេញ​៖​ លោក​ ម៉េត​ មាស​ភក្តី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានីភ្នំពេញ​ បានអោយដឹងថា​ ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើអោយមានការសំរុកទិញទំនិញមកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។
​ លោក​ ម៉េត​ មាស​ភក្តី​ បានបញ្ជាក់ថា​ រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះអោយបាន ។