នាំអំណោយថវិកា២លានរៀលរបស់​ឯកឧត្តម​ ឃួង ស្រេង ជូនដល់សមាគមតន្ត្រីសំនៀងជនពិការ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ

វិទ្យុ​ជាតិ​កម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ ៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ខែមីនានេះ បាននាំយកថវិកា របស់ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន២លានរៀល ជូនដល់សមាគមន៍សំនៀងតន្ត្រីជនពិការ របស់លោក ចាប តូ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងការទូទាត់ចំណាយ អគ្គិសនី និងការប្រើប្រាស់ទឹក និងតំរូវការចាំបាច់ផ្សេងៗ ។

       លោកស្រី មុំ ចាន់ដានី បាននាំនូវការផ្តាំផ្ញើពីលោក ឃួង ស្រេង ឲ្យសមាជិកក្នុងសមាគមន៍ យកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស ការថែរក្សាសុខភាព អនាម័យលាងសំអាតដៃ ឲ្យបានញឹកញាប់ សំអាតបរិវេណរស់នៅ ដើម្បីសុខភាពបងប្អូនមានពិការភាពយើង ក៏ដូចដើម្បី ចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ (Covid-19) ផងដែរ។

     លោកស្រីមុំ ចាន់ដានី បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្តម​ ឃួង ស្រេង មិនត្រូវឲ្យនរណាម្នាក់ ស្លាប់ដោយសារតែភាពអត់ឃ្លាតនោះទេ ហើយលោកមានការកោតសរសើរ ចំពោះជនពិការទាំងនេះ ចំពោះការខិតខំប្រឹងប្រែង ដោយមិនដើរសុំទាន ដូចជនពិការផ្សេងទៀត។ លោកស្រី បានស្នើឲ្យសមាគម ត្រូវចេះថែរក្សាសុខភាព ដើម្បីបន្តស្វែងរកជំនួយពីសប្បុរសជន ឲ្យគេជួយទៅតាមការប្រគំតន្រ្តីទៅថ្ងៃខាងមុខ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងដៃជាមួយទឹកអាល់កុល និងសាប៊ូជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ (COVID19)។

      លោក ចាប តូ ប្រធានសមគមតន្ត្រីសំនៀងជនពិការ បានឲ្យដឹងថា សមាគមរបស់លោក បានចាប់ផ្តើមដំណើរការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ក្នុងគោលដៅ ប្រមូលផ្តុំជនពិការ ដើម្បីបណ្តុះបណ្តាល ជំនាញបំណិនជីវិត ដូចជា ជំនាញដូរតន្ត្រី រៀនអក្សរព្រាល និងជំនាញ ម៉ាស្សា ដៃទេព។ លោកបន្តថា សព្វថ្ងៃនេះ សមាគមក៏ដូចជាបងប្អូនជនពិការទាំងអស់ ដំណើរការ និងរស់រានបានអាស្រ័យ ដោយបងប្អូនទាំងអស់ ទៅប្រកបរបរប្រគុំតន្ត្រី នៅគ្រប់ទីកន្លែងនានា តាមការជួលរបស់អតិថិជន។ កន្លងមកសមាគមជនពិការ ត្រូវបាន ឯកឧត្តម​ ឃួង ស្រេង តាមរយៈលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញតែងតែ នាំយកផ្តល់អំណោយផ្តល់ឲ្យជាបន្តបន្ទាប់ ជាពិសេសលោកបានឧបត្ថម្ភ នូវថវិកាជារៀងរាល់ខែផងដែរ ៕