ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ខែមីនានេះចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១៣នាក់ខណៈអ្នកឆ្លងសរុបចំនួន១០២នាក់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ខែមីនា ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩មានចំនួន១៣នាក់ ខណៈអ្នកឆ្លងសរុបចំនួន១០២នាក់ ដែលក្នុងនោះ អ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិនិងថ្នាក់ខេត្ត សរុបចំនួន៨៩នាក់ ។

តាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកជាសះស្បើយពីជម្ងឺទាំង១៣នាក់នេះ គឺគិតត្រឹមថ្ងៃទី២៨ ខែមីនានេះ មានអ្នកជាសះស្បើយថ្មីចំនួន២នាក់ គឺបុរសអាយុ ៦៤ឆ្នាំ នៅរាជធានីភ្នំពេញ និងបុរសអាយុ ៤១ឆ្នាំ នៅខេត្តបន្ទាយមានជ័យ ។
លោកជំទាវបានបន្តថា កត្តាដែលធ្វើឲ្យមានចំនួនអ្នកជាសះស្បើយជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃនេះដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការព្យាបាល ពិនិត្យ និងតាមដានស្ថានភាពអ្នកជម្ងឺឲ្យបានជាប់ជាប្រចាំ ។
លោកជំទាវនៅតែបន្តអំពាវនាវដល់អ្នកដែលបានជាសះស្បើយហើយ ត្រូវបន្តខិតខំថែរក្សាអនាម័យ របស់ខ្លួនឲ្យជាប់ជាប្រចាំទៀត ដើម្បីកុំឲ្យឆ្លងជម្ងឺកូវីដនេះសារជាថ្មី ។ បន្ថែមពីនេះ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវបន្តស្តាប់ការណែនាំពីវិធានការនានា ដែលដាក់ចេញដោយក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងបង្កើនការយកចិត្តទុកដាក់ធ្វើអនាម័យផ្ទាល់ខ្លួន ត្រូវលាងដៃដោយសាប៊ូ និងទឹកអាកុលឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលធ្វើការប្រាស្រ័យទាក់ទងជាមួយនរណាម្នាក់ ដើម្បីទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ ថ្មីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍ ។
សំឡេង៖ អញ្ចឹងកត្តាគន្លឹះខ្ញុំសង្កត់ហើយសង្កត់ទៀត គឺបុគ្គលណាក៏ដោយ រួមទាំងខ្ញុំនេះ បុគ្គលនឹងគឺត្រូវតែចូលរួមអនុវត្តនូវវិធានការ ហើយខ្ញុំសូមរំលឹកបើនៅចត្តាឡីស័ក ១៤ ថ្ងៃ គឺថាយើងកុំទៅប៉ះពាល់ក្រុមគ្រួសារនេះ យើងត្រូវអនុវត្តអនាម័យផ្ទាល់ខ្លួនរបស់យើង បោកសម្លៀកបំពាក់ សំអាតកន្លែងរស់នៅ ទីកន្លែងណា ចានក្បានអីដែលយើងបរិភោគ យើងត្រូវសម្អាតដោយសាប៊ូ មិនសម្អាតដោយទឹកទទេនោះទេ ព្រោះទឹកទទេមិនអាចសម្លាប់មេរោគបានទេ ត្រូវសម្អាតដោយសាប៊ូ លាងដៃឲ្យបានញឹកញាប់ ត្រូវប្រើប្រាស់ម៉ាស់នៅពេលក្អកកណ្ដាស ហើយពិសារនៅម្ហូបអាហារដែលឆ្អិន កុំពិសារម្ហូបអាហារដែលចម្អិនឆ្អិនមែនទែន ចឹងបានយើងអាចចូលរួមក្នុងការទប់ស្កាត់នូវការចម្លងរបស់យើងបាន អញ្ចឹងស្ថានភាពនៃការចម្លងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង នឹងមានភាពល្អប្រសើរ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ខែមីនានេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ឡើងដល់១០២នាក់ ក្នុងនោះមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន០៤នាក់បន្ថែមទៀត ដែលជាជនជាតិខ្មែរគឺស្ថិតនៅក្នុងគ្រួសារតែមួយ ក្នុងនោះមានបុរសអាយុ៦៤ឆ្នាំ(ឪពុក) ស្រ្តីអាយុ៦១ឆ្នាំ(ជាម្តាយ) បុរសអាយុ៣៩ឆ្នាំ(ជាកូន) និងស្រ្តីអាយុ៣៧ឆ្នាំ(ជាកូន)។ បច្ចុប្បន្នពួកគេ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ ៕