ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឲ្យប្រជាពលរដ្ឋ ជ្រួលច្របល់ទិញទំនិញតាមប្រព័ន្ធអ៊ីនធើណែត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឲ្យប្រជាពលរដ្ឋ ជ្រួលច្របល់ទិញទំនិញតាមប្រព័ន្ធអ៊ីនធើណែត មានដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគបរិភោគ ខណៈដែលជំងឺកូវីដ ១៩ កើនឡើងជាង១០០ ករណី ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ដោយសង្កេតឃើញថាម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធើណែត (Online) មួយចំនួន បានឆ្លៀតឱកាសលក់តម្លើងថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃលើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខ សង្គមធ្ងន់ធ្ងរ ។
ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម សូមធ្វើការអំពាវនាវដូចជា សូមសាធារណជនមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញ តាម រយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល។ ម្ចាស់ហាងលក់ទំនិញ អាជីវករនិងអ្នកលក់ ដូរទំនិញតាមប្រព័ន្ធអ៊ីនធើណែត (Online) ទាំងអស់ ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ កេងចំណេញហួសហេតុ ។
ម្ចាស់ហាងលក់ទំនិញនិងអាជីវករទាំងអស់ ត្រូវបិទស្លាកថ្លៃជាប្រាក់រៀលលើមុខទំនិញដែល ចរាចរនៅលើទីផ្សារសំដៅធានាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរីការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយដល់ចរាចររូបិយវត្ថុក្នុងស្រុក ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជនទូទៅ ។
ចំពោះមុខទំនិញជាម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ និងឧបករណ៍ស្ទង់កំដៅ អ្នកលក់ត្រូវលើកស្លាកថ្លៃជាប្រាក់រៀល ដែលមានទំហំធំអាចឲ្យសាធារណជនមើលឃើញច្បាស់ពីចំងាយ។
ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ត្រួតពិនិត្យគុណភាព សុវត្ថិភាព និងថ្លៃទំនិញ ព្រមទាំងអនុវត្តនូវវិធានការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ ៕