រាជដ្ឋាភិបាលនៅតែចាត់ទុកថាគ្រោះថ្នាក់ចរាចរណ៍នៅតែចោទជាបញ្ហា និងត្រូវដោះស្រាយជាបន្ទាន់

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC រាជដ្ឋាភិបាលនៅតែចាត់ទុកថាគ្រោះថ្នាក់ចរាចរណ៍នៅតែចោទជាបញ្ហា និងត្រូវដោះស្រាយឱ្យទាន់ពេលវេលាដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ៖
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សណ្ដាប់ធ្នាប់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញហើយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត រងរបួសនិងខូចខាតទ្រព្យ សម្បត្តិសាធារណៈ ឯកជនអស់ជាច្រើន ។
សម្តេចក្រឡា ហោម បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលនឹងបន្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកឱ្យមានប្រសិទ្ធិភាពខ្ពស់៖
សម្លេង៖ << ហេតុនេះដើម្បីទប់ស្កាត់និងកាត់បន្ថយឲ្យបានជាអតិបរិមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសំដៅលើការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ ២០២០ នេះតទៅ ហើយវិធានការនេះ និងមានការសិក្សាស្រាវជ្រាវអំពីឥរិយាបថនៃការគោរពអនុវត្តច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ និងផ្អែកតាមបទពិសោធន៍នៅតាមបណ្ដាប្រទេសនានា រាជរដ្ឋាភិបាលបានសម្រេចធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ដែលបង្កើតប្រាក់ពិន័យអន្តរកាលពី ៣ ទៅ ៥ ដងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត >> ។
សម្តេចក្រឡាហោមបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញ នៅវិធានការមួយចំនួនដូចជា ទី១ សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក នៅពេលនេះ ដើម្បីជៀសវាងការប្រឈមជាមួយច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ និងភាពសុខដុមរមនាក្នុងគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន រួមទាំងបានលើកកម្ពស់កិត្តិយសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង ទី២ ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយសិល្បៈករសិល្បៈការនី បន្តចូលរួមអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងកម្រិតនៃការពិន័យអន្តរកាលចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ និងជាប់ជាប្រចាំក្នុងគោលបំណងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាអោយមានប្រសិទ្ធភាពខ្ពស់ ទី៣ សូមដាក់ចេញនូវបទបញ្ជាទៅដល់ថ្នាក់ដឹកនាំមន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយភាពម៉ឺងម៉ាត់ដាច់ខាត មិនយកយល់និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវទៅតាមនីតិវិធីច្បាប់ នូវរាល់បទល្មើសចរាចរណ៍ផ្លូវគោកប្រកបដោយតម្លាភាព សមភាព នឹង សហការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលរត់គេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឲ្យបានជាដាច់ខាត ទី៤ ថ្នាក់ដឹកនាំនគរបាលចរាចរណ៍ត្រូវរៀបចំផែនការសកម្មភាពនិងរៀបចំកម្លាំង ដើម្បីតាមដានត្រួតពិនិត្យនិងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធម៌ ពិន័យឱ្យសក្កិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌និងមនសិការវិជ្ជាជីវៈ ត្រូវផ្ដល់រង្វាន់តាមការកំណត់របស់រដ្ឋជាមួយនឹងការលើកសរសើរចំពោះអង្គភាពនិងតន្ត្រីមានស្នាដៃ ហើយក៏ត្រូវដាក់ពិន័យឲ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្មឬមន្ត្រីដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ទី៥ អគ្គលេខាដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបន្តសិក្សាច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅលើកសំណើរធ្វើវិសោធនកម្មលើមាត្រាមួយចំនួនតាមការចាំបាច់ពេលខាងមុខនេះ ។
សូមបញ្ជាក់ថា បើប្រៀបធៀបនៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ កន្លងទៅនេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការកើនឡើង ៨៥៤ លើកស្មើនឹង ២៦ភាគរយ ក្នុងនោះ អ្នកស្លាប់កើនឡើងចំនួន ២២០នាក់ស្មើនឹង ១២ភាគរយ និងអ្នករបួសកើនឡើងចំនួន ១៣៧១នាក់ ស្មើនឹង ២៩ភាគរយ ៕