ក្រសួងសុខាភិបាលពង្រឹងវិធានការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ទៅសហគមន៍

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៧ មីនា ២០២០៖

ក្រសួងសុខាភិបាល បានពង្រឹងវិធានការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ ទៅសហគមន៍ដើម្បីគាំពារសុខភាពសាធារណៈកុំអោយមានការចម្លងជម្ងឺកូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៀតនិងទៅសហគមន៍។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ថ្វីដ្បិតតែស្ថានភាពបច្ចុប្បន្ន មិនទាន់មានការឆ្លងជំងឺ កូវីដ១៩ ទៅសហគមន៍ក៏ពិតមែន ប៉ុន្តែយើងក៏មិនត្រូវភ្លេចខ្លួន គិតថាអត់ទាន់ឆ្លងមិនអីទេ។
លោកជំទាវបញ្ជាក់ថា ហានិភ័យគឺមានដោយសារតែចលនាប្រជាពលរដ្ឋរបស់យើង ចល័តពីកន្លែងងមួយទៅកន្លែងមួយ អញ្ចឹងគឺយើងត្រូវតែមើលអោយបានឆ្ងាយ ប្រសិនបើបុគ្គលគ្រប់រូបមិនចូលរួមអនុវត្ត ឬក៏ចូលរួមអនុវត្តដែរតែមិនបានហ្មត់ចត់ទៅលើវិធានការការពារខ្លួន កុំឲ្យមានការចម្លងពីបុគ្គលមួយទៅបុគ្គលមួយទេ វានឹងអាចឆ្លងទៅដល់អ្នកដែលជាទីស្រឡាញ់របស់យើង។
លោកជំទាវបានមានប្រសាសន៍បន្តថា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ទៅសហគមន៍ ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា សម្រាប់បុគ្គលណា ដែលអញ្ជើញមកពីក្រៅប្រទេស គឺត្រូវមានវិធានការខ្លួនឯង ត្រូវមានធ្វើការចត្តាឡីស័កផ្ទាល់ខ្លួនក្នុងរយៈពេល១៤ថ្ងៃ គឺជាកាតព្វកិច្ចដើម្បីខ្លួនផ្ទាល់និងដើម្បីក្រុមគ្រួសារ។
សំឡេង៖ “ដើម្បីគ្រប់គ្រងក៏ដូចជាឆ្លើយតបទៅនឹងជំងឺកូវីដ១៩នេះ លោកខ្វាយខ្វល់ហើយលោកក៏បានដាក់ចេញនូវវិធានការជាបណ្ដើរ ហើយយើងបានសង្កេតឃើញហើយ ការដែលយើងបិទជាបណ្ដោះអាសន្ននូវជនបរទេស ដែលគាត់ធ្វើដំណើរមកពីបណ្ដាប្រទេសចំនួន៦ ដែលយើងសង្កេតឃើញថាប្រទេសទាំងនោះសុទ្ធតែជាប្រទេសដែលពេញបន្ទុកការរីករាយត្បាត។ចឹងយើងបានដាក់ហើយប្រទេសទាំងហ្នឹងមានអាឡឺម៉ង់ អ៊ីតាលី អេស្ប៉ាញ បារាំង សហរដ្ឋអាមេរិកហើយយើងក៏មានអីរ៉ង់។ បណ្តាប្រទេសទាំងនោះយើងត្រូវតែមានទប់ស្គាត់ជាបណ្ដោះអាសន្ន ហើយជាបណ្តើៗនេះ យើងនឹងពិចារណាជាបន្តបន្ទាប់ទៀត ពីព្រោះមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើងគឺយើងសង្កេតហើយទោះបីជាយើងមិនបិទក៏គាត់ដែរ។ ចឹងប្រទេសមួយចំនួនក៏មានការបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ ហើយជាពិសេសទៀតការដែលនៅដាច់ដោយឡែកម្នាក់ឯងគឺជាមធ្យោបាយតែមួយគត់ នៅក្នុងការកាត់ផ្ដាច់បាននៅចម្លងពីបុគ្គលមួយទៅបុគ្គលមួយ។ហើយចំណុចមួយនេះគឺជាចំណុចរួមទៅបណ្ដាប្រទេសទាំងអស់គឺលោកខិតខំអនុវត្តមិនថាតែព្រះរាជាណាចក្រកម្ពុជាយើងទេប្រទេសណាក៏ដោយ”។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកកើតជំងឺសរុបចំនួន៩៨នាក់ អ្នកព្យាបាលជាសះស្បើយចំនួន១១នាក់ អ្នកដែលកំពុងតែពិនិត្យព្យាបាលនោះគឺចំនួន៨៧នាក់ នៅក្នុងចំនួនតួលេខនេះ មានចំនួនសម្រាប់ស្ត្រីគឺ ២៦ភាគរយ បុរសគឺមាន ៧៩ភាគរយ៕