អភិបាលខេត្តប៉ៃលិន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់

វិទ្យុជាតិកម្ពុជា៖ លោកញ៉ឹម បូរី មន្ទីរព័ត៌មានប៉ៃលិន27 03 2020

MC៖ ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្តប៉ៃលិន ជំរុញឱ្យអាជ្ញាធរ​​មូល​​​ដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករដែលទើបត្រលប់មកពីក្រៅប្រទេសឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19។

ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត នាថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19​បានដាក់ចេញនូវ​វិធានការយ៉ាង​ម៉ឺងម៉ាត់ ដល់អាជ្ញាធរ មូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវគ្រប់គ្រងពលករដែល​​ទើបត្រលប់មក​ពីក្រៅប្រទេស​ឱ្យបានច្បាស់លាស់ ជា ពិសេស ត្រូវអប់រំ ណែនាំ និងតាមដានសុខ​​ភាពរបស់ពួក​​គាត់ឱ្យបាន​​ជាប្រចាំ និងនៅដាច់ដោយឡែកពីក្រុមគ្រួសារ ១៤ថ្ងៃដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាល​​ដាលនៃជំងឺផ្លូវ​​ដង្ហែម​ថ្មីនេះ។

ឯកឧត្តម បន្តថា៖ រយៈពេលប៉ុន្មានថ្ងៃមកនេះ មានពលករចំណាកស្​រុកទាំងក្នុង និងក្រៅប្រទេស រាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន​មានពលករទើបត្រលប់មកពីក្រៅប្រទេសចំនួន ៣០៥នាក់ ស្រី ១៦២នាក់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលភិបាលខេត្តប៉ៃលិន និងជាប្រធាន​គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត ក៍បានប្រគល់ម៉ាស់ចំនួន ៤ពាន់ និងទឹកអាល់កុលសំរាប់លាងដៃចំនួន ២០០ដប ដល់មន្ទីរសុខាភិបាលខេត្ត ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19។

សូមបញ្ជាក់ថា  ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 នៅប្រទេសកម្ពុជា ក្រសួងសុខា​​ភិបាល បានបញ្ចេញសារអប់រំ ជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ប្រជាពលរដ្ឋអនុវត្តន៍ រួមមាន៖ *ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺ COVID-19 ចាប់ពីថ្ងៃចូល​​មកប្រទេសកម្ពុជាវិញ។*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ​​មកពីប្រទេស​ផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដក ដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ ១១៥ជាបន្ទាន់។*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សាយោបល់ថែទាំសុខភាព៕