រដ្ឋបាលខេត្តកំពង់ឆ្នាំងផ្សព្វផ្សាយអប់រំស្តីពីការបង្ការការរីករាលដាលនៃមេរោគCovid-19ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី៖

រដ្ឋបាលខេត្តកំពង់ឆ្នាំងផ្សព្វផ្សាយអប់រំស្តីពីការបង្ការការរីករាលដាលនៃមេរោគCovid-19ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងស្នើឲ្យអ្នកដែលបានវិលត្រឡបមកពីក្រៅប្រទេសទៅពិនិត្យសុខភាព និងនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្តាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា បន្ទាប់ពីបានទទួលបានប្រសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជារដ្ឋបាលខេត្តបានបើកយុទ្ធនាផ្សព្វផ្សាយអប់រំស្តីពីការបង្ការការរីករាលដាលនៃជំងឺ Covid-19នេះគឺធ្វើយ៉ាងណាបំផុសនិងដាស់ ស្មារតីរបស់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងបានយល់ដឹងអំពីវិធីការពារខ្លួនពីជំងឺCovid-19។
ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបានខិតខំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋជា ពិសេសអ្នកដែលទើបអញ្ជើញមកពីក្រៅប្រទេស ត្រូវនៅម្នាក់ឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ដើម្បីបង្ការការពារកុំឲ្យឆ្លងជំងឺ covid19។ មួយវិញទៀតអប់រំប្រជាពលរដ្ឋ នៅ តាមទីប្រជុំជននិង ភូមិ ឃុំ ត្រូវចេះអនាម័យសុខភាពរស់នៅស្អាតហូបស្អាត និងត្រូវលាងដៃ ជាមួយសាប៊ូ ឬអាកុលឲ្យបានញឹកញ៉ាប់ជាប្រចាំ។
ជារួមយើងបានរួមគ្នាក្រុមការងាររបស់គណបក្សនិងរបស់រាជរដ្ឋាភិបាលចូលរួមគ្នា ហើយយើងធ្វើទី១ប្រើសំលេងចាក់ផ្សាយតាមម៉ូតូតាមតុតុតាមរថយន្តចាក់ផ្សាយជូនប្រជាពលរដ្ឋនៅតាមផ្សារតាមទីប្រជុំជនតាមភូមិតាមឃុំ។ហើយមួយទៀតយើងបានបិតផ្សាយនៅខិតប័ណ្ណណែនាំរបស់ក្រសួងសុខាភិបាលគឺយើងបានបិតនៅតាមគោលដៅសំខាន់ៗនិងមួយចំនួនយើងចុះទៅដល់ក្រុមគ្រួសារគាត់ឲ្យគាត់បានយល់ដឹងពីវិធីអនាម័យជាប្រចាំផងដែរ។
ឯកឧត្តមបានបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋនៅពេលមានរោគសញ្ញាណាមួយកើតឡើង ត្រូវទូរស័ព្ទជាបន្ទាន់ទៅកាន់លេង ១១៥ ដើម្បីពិគ្រោះយោលបល់ជាមួយមន្រ្តីសុខាភិបាល ពិសេសនៅពេលមិនស្រួលខ្លួនត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពនៅជិតជាបន្ទាន់ ដើម្បីតាមដានស្ថានភាពជំងឺនេះកុំឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានករណីឆ្លងជំងឺCovid-19 ចំនួន៣ករណីរួចមកហើយ៕