ក្រសួងបរិស្ថានសុំឲ្យប្រជាពលរដ្ឋចូលរួមពន្លត់ភ្លើងអគ្គិសនី១ម៉ោងនៅថ្ងៃស្អែក

វិទ្យុជាតិកម្ពុជា​៖​

ក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចូលរួមពន្លត់ភ្លើងអគ្គិសនី១ម៉ោងនៅថ្ងៃស្អែក ដើម្បីបង្ហាញពីការចូលរួមចលនាជាសកលស្តីពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកំដៅនៃភពផែនដី។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាអាចចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ដោយការពន្លត់ភ្លើងអគ្គិសនីក្នុងរយៈពេល១ម៉ោងនៅថ្ងៃទី២៨ ខែមីនាស្អែកនេះ ចាប់ពីម៉ោង៨:៣០នាទីដល់៩:៣០យប់ ដើម្បីជាការបង្ហាញពីការចូលរួមនៅក្នុងការស្រលាញ់ភពផែនដី។
ឯកឧត្តម បានពន្យល់ថា ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនដើរតួនាទីសំខាន់បំផុតនៅក្នុងការការពារភពផែនដីទាំងមូលតាមរយៈការចូលរួមការការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ការដាំដើមឈើ ក៏ដូចជាការចូលរួមប្រើប្រាស់នូវប្រភពថាមពលដែលកកើតឡើងវិញ ជាដើម។
តាមការព្យាករណ៍ជាសកលមួយ បានបង្ហាញថា កំដៅភពផែនដីនឹងកើនឡើងពី១.៥ ទៅ២អង្សាសេ នៅចុងសតវត្សរ៍ទី២១ បើធៀបនឹងសីតុណ្ហភាពនៅចុងសតវត្សរ៍ទី១៩។ គិតចាប់តាំងពីសម័យបដិវត្តន៍ឧស្សាហកម្មមកទល់ពេលនេះ កំហាប់ឧស្ម័នកាបូនិកនៅក្នុងបរិយាកាសបានកើនឡើងដល់៤០ភាគរយ ដោយសារទង្វើមនុស្ស ជាពិសេសការបញ្ចេញពីការដុតឥន្ធនៈហ្វូស៊ីល និងការប្រែប្រួលនៃការប្រើប្រាស់ដី។
បើតាមអ្នកជំនាញ អះអាងថា កម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ដោយសារតែជាប្រទេសកសិកម្ម ហើយមានសមត្ថភាពបន្ស៊ាំទាប និងការអភិវឌ្ឍតិចតួច។ ការប្រែប្រួលអាកាសធាតុ នឹងធ្វើឲ្យផលិតកម្មកសិកម្ម ដែលជាប្រភពផ្គត់ផ្គង់ស្បៀងអាហាររបស់កម្ពុជាធ្លាក់ចុះ២០ភាគរយនៅឆ្នាំ២០៥០។
សូមបញ្ជាក់ថា ការបិទភ្លើង១ម៉ោងរបស់កម្ពុជា គឺដើម្បីទាញយកការចាប់អារម្មណ៍ពីសាធារណជន និងក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នាចូលរួមការពារបរិស្ថាន និងភពផែនដី ដែលកំពុងគម្រាមកំហែង ដោយកត្តាមនុស្ស និងធម្មជាតិ៕
អត្ថបទ៖ វ៉ាង ភក្តី ២៧ ០៣ ២០២០