ស្ថានទូតកម្ពុជាប្រចាំប្រទេសសាធារណរដ្ឋកូរ៉េ ជូនដំណឹងដល់បងប្អូនពលករ ពលកា រិនីខ្មែរទាំងអស់ដែលបានបញ្ចប់អណត្តិរយៈពេលជាង៤ឆ្នាំ អាចបន្តសុពលភាពស្នាក់នៅ

វិទ្យុជាតិកម្ពុជា : ដោយ អ៊ី កនិកា៖

 ស្ថានទូតកម្ពុជាប្រចាំប្រទេសសាធារណរដ្ឋកូរ៉េជូនដំណឹងដល់បងប្អូនពលករ ពលការិនីខ្មែរទាំងអស់ដែលបានបញ្ចប់អណត្តិរយៈពេល៤ឆ្នាំ ១០ ខែ អាចបន្តសុពលភាពស្នាក់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េបានចំនួន ៥០ថ្ងៃបន្ថែមទៀត ។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េដែល វិទ្យុជាតិកម្ពុជា ទទួលបាននៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ នេះ បានឲ្យដឹងថា បន្ថែមលើសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងនិយោជន៍កូរ៉េ ចុះនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ កន្លងទៅនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមបងប្អូនពលករ-ពលការិនីខ្មែរ ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលកាន់ប្រភេទទិដ្ឋាការ E-9 ឲ្យបានជ្រាបថា លក្ខខណ្ឌសំខាន់ៗរួមមាន: ជាពលករគំរូ ពលករធ្វើការរយៈពេល០៤ឆ្នាំ ១០ ខែ មិនដែលផ្លាស់ប្តូរកន្លែងធ្វើការនិងស្របតាមបទដ្ឋានរបស់អាជ្ញាធរកូរ៉េកំណត់ជាធរមាន ពលករមិនអាចស្នើសុំដោយខ្លួនឯងបានទេ ដោយ និយោជកកូរ៉េត្រូវដាក់ពាក្យស្នើសុំទៅក្រសួងការងារនិងនិយោជន៍កូរ៉េដោយផ្ទាល់ក្នុងអំឡុងពេល ០១ ខែ មុនអណត្តិពលករ-ពលការិនីបានបញ្ចប់។
សូមបញ្ជាក់ថា ការបន្តសុពលភាពស្នាក់នៅធ្វើការរបស់ ពលករ- ពលការិនី ដែលកាន់ប្រភេទទិដ្ឋាការ E-9 មិនប៉ះពាល់ការដកប្រាក់បំណាច់ឆ្នាំ ឬ អត្ថប្រយោជន៍ផ្សេងៗដែលត្រូវទទួលបានឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនទំនាក់ទំនងមជ្ឈមណ្ឌលគាំពារពលករបរទេសនៅតាមតំបន់ ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា តាមរយៈលេខទូរស័ព្ទ ០២ ៣៧៨៥ ១០៤១ ៕