អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយសារអប់រំស្តីពីវិធានការ​បន្ទាន់បង្ការជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានខ្នងផ្ទះ

AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — ស្របតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល អាជ្ញាធរខេត្តបន្ទាយមានជ័យបានបន្ត ជំរុញបើកយុទ្ធនាការយ៉ាងក្តៅ​គគុកមានអាជ្ញាធរដែនដី និងមន្រ្តីសុខាភិបាល បានបន្តចុះ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពីការបង្ការទប់ស្កាត់ការរីករាលដាលមេរោគ COVID-19។

អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង​ជំងឺCOVID-19ខេត្តបានឱ្យដឹងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា មកដល់ពេលនេះមន្ត្រីអាជ្ញាធរតាមមូល ដ្ឋានរួមនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្តសកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិ ធាន​ការបន្ទាន់បង្ការជំងឺ COVID-19 នៅតាមខ្នងផ្ទះ ទីប្រជុំជន និងតាមដងផ្លូវយ៉ាងសកម្ម បំផុតដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ពិសេសចំពោះ ពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស​។

ឯកឧត្តមបានបញ្ជាក់ថា វិធានការនេះត្រូវបានចាត់ទុកជាវិធានការចុះផ្សព្វផ្សាយ ដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួនពីជំងឺCOVID-19ដែលកំពុងរីករាលដាលនៅទូទាំងសកលលោក រួម ទាំងកម្ពុជាផងដែរ និងវិធីការពារសុខភាពក្នុងការរស់នៅប្រចាំថ្ងៃ ត្រូវមានអនាម័យ​ដោយ លាងដៃស្អាតជាមួយនឹងសាប៊ូ ឬអាកុលជាប្រចាំ។ ក្នុងនោះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ​ភូមិ ក៏បានប្រើប្រាស់ឧបករណ៍ឧឃោសនស័ព្ទ និងបិទខិតប័ណ្ណផ្សព្វផ្សាយស្ដីពីវិធីបង្ការនៅតាម ​មូលដ្ឋានក្នុងទូទាំងខេត្ត។

សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នៅប្រទេស កម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានបញ្ចេញសារអប់រំជាអាទិភាព សំខាន់ៗសម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។សារអប់រំជាអាទិភាពនោះរួមមាន៖ ទី១-អ្នក មកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ចាប់ពី ថ្ងៃចូលមកប្រទេសកម្ពុជាវិញ។ ទី២- ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុង ចំណោមសញ្ញា ដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសម្បោរ ឈឺបំពង់ក ពិបាក ដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀតក្រៅពីកម្ពុជា សូមទាក់ទងលេខ ទូរស័ព្ទ ១១៥ជាបន្ទាន់។ ទី៣-ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោម សញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសម្បោរ ឈឺបំពង់ក ពិបាកដកដង្ហើម និង មានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុន ចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។ ទី៤- ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬ មានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូម ទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សាយោបល់ថែទាំសុខភាព។

គិតត្រឹម​យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៩៨នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ ១១នាក់ បានជាសះស្បើយផងដែរ ​៕

ដោយឈុនសារ៉ាត