ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងមិនមានការលក់ម្លើងថ្លៃពេលមានការផ្ទុះកូវីដ១៩ឡើយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 26,03,2020 ៖

ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំងមិនមានការលក់ម្លើងថ្លៃពេលមានការផ្ទុះកូវីដ១៩ឡើយ ខណៈដែលទីផ្សារមួយចំនួនមិនមានអាជីវករលក់ដូរ នឹងឆ្លៀតឱកាសលក់ទំនិញតម្លើងថ្លៃហួសហេតុ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ផ្សារសហគមន៍កសិកម្ម ក្រោមការផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលមានទីតាំងនៅ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង គ្រប់ផលិតផលកសិកម្មទាំងអស់ មិនមានការតម្លើងថ្លៃ គ្មានប្រើសារធាតុគីមី ដែលមានការទុកចិត្តខ្លាំងពីប្រជាពលរដ្ឋ ។
លោកបានបន្តថា មន្ទីរកសិកម្មបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធតែងតែចុះណែនាំដល់សហគមន៍កសិកម្ម កុំប្រើប្រាស់សារធាតុគីមី ទៅលើបន្លែ ត្រី សាច់ ឬផលិតផលកសិកម្ម ឲ្យរក្សាលក់តម្លៃធម្មតា ព្រោះការធ្វើបែបនេះ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសមិនធ្វើប៉ះពាល់ដល់សុខភាព ។
ផ្សារសហគមន៍កសិកម្មគឺល្អខ្លាំងណាស់ ដោយសារការជួញដូរមិនមានការដំឡើងថ្លៃអ្វីទេ ហើយប្រជាពលរដ្ឋជាច្រើនមានការយល់ដឹងពីសុខភាពរបស់ពួកគាត់ គឺគាត់តែងតែមកទិញ មានទំាងត្រី សាច់ជ្រូក មានបន្លែសរីរាង្គច្រើន និយាយជារួមមានច្រើនពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្ម ។ ហើយនិយាយរួមទៅការបង្កើតផ្សារនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ព្រោះជួយដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ដែលបានយកមកលក់ ហើយប្រជាពលរដ្ឋយើងទទួលបានផលចំណេញ គឺទិញបានបន្លែសរីរាង្គ ដែលទិញទៅទទួលបានសុខភាពល្អ ហើយមិនមានការប្រើប្រាស់ជីគីមី អ្នកហូបក៏ចំណេញ អ្នកដាំលក់ក៏ចំណេញ ហើយទីផ្សារលក់មានស្ថេរភាពធម្មតាជារៀងរាល់ថ្ងៃ មិនមានអ្វីគួរឲ្យរាំងស្ទះនោះទេរាល់ថ្ងៃនេះ ។
លោកបានជំរុញឱ្យប្រជាកសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ឱ្យបានច្រើនទ្វេរដង ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងមិនត្រូវប្រើប្រាស់សារធាតុគីមីឬជីគីមីឡើយ ។ ប្រសិនបើមន្ទីរកសិកម្មខេត្តរកឃើញថា មានសហគមន៍កសិកម្មណាមួយ លួចប្រើប្រាស់សារធាតុគីមីនោះ មន្ទីរនឹងបញ្ឈប់សហគមន៍នោះភ្លាម ព្រោះសព្វថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋកំពុងទុកចិត្តមកលើផ្សារសហគមន៍កសិកម្មនេះ ដោយនាំគ្នាសម្រុកមកទិញយ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ថា ផ្សារសហគមន៍កសិកម្មនេះ មានសហគមន៍ទូទាំងខេត្តចូលរួមចំនួន ៤៨ សហគមន៍ ដែលក្នុងនោះ ដំណាំរបស់ប្រជាកសិករ ១ភាគគឺសំរាប់ផ្គត់ផ្គង់នៅផ្សារសហគមន៍ក្នុងខេត្ត និង១ភាគទៀត មានការចុះកិច្ចសន្យាលក់ទៅកាន់ទីក្រុងភ្នំពេញ ៕