ក្រសួងយុត្តិធម៌ បង្កើនវិធានការដោះស្រាយបណ្ដឹងការងារ និងពាណិជ្ជកម្ម

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០៖

ក្រសួងយុត្តិធម៌ បង្កើនវិធានការដោះស្រាយបណ្ដឹងការងារ និងពាណិជ្ជកម្ម ដើម្បី ផ្តល់ភាពងាយស្រួលដល់ការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពឆាប់រហ័ស ។

ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងយុត្តិធម៌» នៅព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ក្រសួងយុត្តិធម៌ត្រៀមរៀបចំបង្កើតតុលាការជំនាញ ២ថែមទៀត គឺ តុលាការការងារ និងតុលាការពាណិជ្ជកម្ម ខណៈដែលបច្ចុប្បន្ននេះ តុលាការកម្ពុជាកំពុងទទួលរងបញ្ហាការកកស្ទះនូវសំណុំរឿងដែរបងប្អូនប្រជាពលរដ្ឋដែលបានដាក់មក និងកំពុងជួបការលំបាកនៃកង្វះធនធានមនុស្ស ហើយក៏ពិបាកក្នុងការដោះស្រាយភាពចង្អៀតណែន នៃអ្នកជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ ។
ឯកឧត្តមបានបន្តទៀតថា តុលាការជំនាញថ្មីទាំងពីរនេះ ក៏ចូលរួមកាត់បន្ថយការកកស្ទះ សំណុំរឿងនៅក្នុងតុលាការ និងបានចូលរួមពន្លឿនដំណើរការនីតិវិធីតុលាការ ក្នុងការដោះស្រាយដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារកាន់តែមានភាពឆាប់រហ័ស ។
« នាពេលបច្ចុប្បន្ននេះនៅពេលដែលយើងមិនទាន់មានតុលាការជំនាញ គឺចៅក្រមរបស់យើង គាត់ទទួលច្រើនសំណុំរឿងទាំងអស់ ក្នុងនោះចៅក្រុម ១ ត្រូវទទួលច្រើនសំណុំរឿង ដូចជាព្រហ្មទណ្ឌ រដ្ឋប្បវេណី បូករួមនិងសំណុំរឿងការងារនឹងពាណិជ្ជកម្មផងដែរ ដោយសារស្ថានភាពចាំបាច់យើងខ្វះចៅក្រម និងធនធានមនុស្សយើងមានតិចហើយសំណុំរឿងយើងដែលដាក់មកច្រើន ចឹងហើយទើបចៅក្រម ១ ត្រូវទទួលសំណុំរឿងច្រើនតាមសមត្ថភាពរបស់គាត់ ហេតុនេះទើបពេលដែលចៅក្រមក្នុងមួយនាក់គាត់ទទួលបានសំណុំរឿងច្រើន ដែលធ្វើឲ្យដំណើរការនីតិវិធីក្នុងការសម្រេចសេចក្តីមានរយៈពេលយូរទៅតាមនឹងដែរ ហើយនៅពេលដែលយើងមានតុលាការជំនាញគឺមានការបែងចែកគ្នាច្បាស់ ដោយចែកចៅក្រមទទួលបន្ទុកតាមផ្នែករៀងៗខ្លួន មានផ្នែកព្រហ្មទណ្ឌ រដ្ឋប្បវេណី ការងារ ពាណិជ្ជកម្ម អញ្ចឹងហើយទើបគាត់អាចធ្វើការដោះស្រាយសំណុំរឿងបានឆាប់រហ័ស និងឈានទៅការសម្រេចសេចក្តីបានលឿន » ។
ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតតុលាការជំនាញការងារ និងពាណិជ្ជកម្មនេះ គឺទទួលបានការឯកភាពពី សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់ ពាណិជ្ជករនិងអ្នកមានទំនាស់ផ្នែកការងារ អាចដោះស្រាយវិវាទរបស់ខ្លួនបានលឿន៕