ក្រសួងយុតិ្តធម៌បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនៅគ្រប់សាលាដំបូងនៅទូទាំងប្រទេសដើម្បីដោះស្រាយជូនប្រជាជនក្រីក្រមិនគិតថ្លៃ

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី ២៦ ០៣ ២០៖

ក្រសួងយុតិ្តធម៌បង្កើតក្រុមមេធាវីស្ម័គ្រចិត្តនៅគ្រប់សាលាដំបូងនៅទូទាំងប្រទេសដើម្បីដោះស្រាយជូនប្រជាជនក្រីក្រមិនគិតថ្លៃ ដើម្បីធានាដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្រីក្រនិង គ្មានលិទ្ធភាពទទួលបានយុត្តិធម៌តាមផ្លូវច្បាប់។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌មានប្រសាសន៍ថា ការផ្តលសេវាយុតិ្តធម៌ ជូនប្រជាពលរដ្ឋក្រីក្រនៅសាលាដំបូងគ្រប់រាជធានីខេត្តនៅទូទាំងប្រទេសនេះ គឺធ្វើយ៉ាងណាឲ្យការដោះសា្រយវិវាទជូនប្រជាពលរដ្ឋក្រីក្រធានាបាននៅភាពយុត្តិធម៌ តម្លាភាព និងប្រសិទ្ធិភាព។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមីនា នាទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តមបានបន្តថា ការចាត់តាំងមេធាវីការពារក្តីជូនប្រជាជនក្រីក្រគឺគណៈមេធាវីជាអ្នកចាត់តាំងហើយរាល់ការចំណាយទាំងអស់ក្រសួងយុតិ្តធម៌ជាអ្នកទទួលរាប់រង។បន្ថែមពីនេះទៀតក្រសួងជាអ្នកផ្តល់នៅទីតាំងការរិយាល័យនៅតាមសាលាដំបូងគ្រប់រាជធានីខេត្ត និងគ្រប់ជាន់ថ្នាក់សម្រាប់ដោះស្រាយជូនបងប្អូនទាំងអស់។ គម្រោងបង្កើតមេធាវីស្ម័គ្រចិត្តនេះ ដោយសារតែប្រជាពលរដ្ឋក្រីក្រមួយចំនួន នៅពេលមានវិវាទពុំមានលទ្ធភាពជួលមេធាវីដើម្បីការពារក្តីជាដើម។
អ្វីដែលក្រសួងយុតិ្តធម៌នាពេលកន្លងមកនេះគឺបានធ្វើការជាមួយគណៈមេធាវីក្នុងការបង្កើតការរិយាល័យប្រតិភូមេធាវីនៅគ្រប់សាលាដំបូងគ្រប់រាជធានីខេត្តនៅគ្រប់ជាន់ថ្នាក់នៅតាមតុលាការមានការរិយាល័យមេធាវីមួយដែលមានមេធាវីប្រចាំការយ៉ាងហោចណាស់ក៏៥នាក់ដែរក្នុងការផ្តល់ប្រឹក្សានិងផ្តល់មេធាវីនៅសាវនាការដោយឥតគិតថ្លៃ។ចឹងក្រសួងយុត្តិធម៌កំពុងធ្វើការជាមួយគណៈមេធាវីដំណើរជូនប្រជាពលរដ្ឋក្រីក្រឲ្យកាន់តែមានប្រសិទ្ធិភាព។
សូមជម្រាប់ថា ក្នុងមួយឆ្នាំក្រុមមេធាវីបានដោះស្រាយរឿងក្តីជូនប្រជាពលរដ្ឋក្រីក្របានចំនួនជាង៣០០០សុំណុំរឿង ហើយបានផ្តល់ ការប្រឹក្សាផ្លូវច្បាប់ដោយឥតគិតថ្លៃបានជាង៥០០សុំណុំរឿងជូនប្រជាពលរដ្ឋផងដែរ៕