សម្តេចក្រឡាហោម ស ខេង អញ្ជើញ​ជួបសំណេះសំណាលជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា វត្តមានរបស់សម្ដេច និងថ្នាក់ដឹកនាំ ផ្សេងទៀត ក្នុងពិធីជួបសំណេះសំណាលនេះគឺជាការចូលរួមចំណែកផ្ដល់ ការលើកទឹកចិត្ត ដល់មន្ត្រីកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាពនៅច្រកទ្វារព្រំដែនក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមខ្លាំងនឹងការ រីករាលដាលជំងឺកូវីដ១៩ ពេលនេះបានក្លាយជាវិបត្តិធ្ងន់ធ្ងរ​របស់ពិភពលោកដែលទាមទារឱ្យបន្តរួមគ្នាទប់ស្កាត់នោះ។

សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យអាជ្ញាធរប្រចាំច្រកទ្វារព្រំដែន ត្រូវកត់ត្រា ឱ្យបានច្បាស់ នូវអត្តសញ្ញាណពលរដ្ឋ ដែលបានវិលចូលមកប្រទេស ដើម្បីធានាតាមដាន ស្រាវជ្រាវរកពួកគាត់ ប្រសិនបើមានបញ្ហាណាមួយ ហើយជាមួយគ្នានេះ ត្រូវខិតខំពិភាក្សា ជាមួយភាគីថៃ ដើម្បីចៀសវាងការអនុញ្ញាតឱ្យឆ្លងកាត់តាមច្រករបៀង ដែលនាំឱ្យជួបការ លំបាក ក្នុងការពិនិត្យសុខភាព និងកំណត់អត្តសញ្ញាណពួកគាត់ ពោលត្រូវកំណត់ច្រកទ្វារ ច្បាស់លាស់ សម្រាប់ការវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរ។

សម្ដេចបានណែនាំឱ្យត្រៀមទទួលស្វាគមន៍ពួកគាត់ ដោយប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ សុភាពរាបសា និងទន់ភ្លន់ ប៉ុន្តែត្រូវវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល ដើម្បីធានាសុខ សុវត្ថិភាពពួកគាត់ និងក្រុមគ្រួសារនៅឯស្រុកកំណើត។

សម្ដេចក៏បានណែនាំឱ្យត្រៀមផ្ដល់ម៉ាស់ជូនពលរដ្ឋទាំងឡាយណា ដែលឆ្លងមកពី ប្រទេសថៃ ដោយមិនមានម៉ាស់ប្រើប្រាស់ ហើយត្រូវស្នើសុំពួកគាត់ សហការពិនិត្យកំដៅ និងអញ្ជើញពួកគាត់ទៅកន្លែងដែលត្រូវកត់ត្រាអត្តសញ្ញាណ ហើយប្រសិនបើក្នុងករណី ដែលមានអ្នក​ជំងឺត្រូវបញ្ជូនទៅមន្ទីរពេទ្យជួយសង្គ្រោះជាបន្ទាន់​។ ​

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងការកោត សរសើរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងចំណុះរដ្ឋបាលខេត្ត និងជាពិសេសមន្ត្រី និងកងកម្លាំង នៃអង្គភាព និងស្ថាប័ននានាដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដា ច្រកទ្វារព្រំដែន។

សម្ដេចបានចាត់ទុកការ ខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះ ហើយដែលធ្វើឱ្យកម្ពុជា រក្សាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះយើង ក៏បាននឹងកំពុងរួមសាមគ្គីគ្នា ប្រយុទ្ធនឹងសង្គ្រាមជំងឺកូវីដ១៩ ដើម្បីធានា ការពារសេចក្ដីសុខជូនប្រជាពលរដ្ឋ ដែលនេះហើយគឺជាឧត្តមគតិស្រលាញ់ជាតិ និងប្រជាជន។

ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីវិធានការការពារខ្លួន និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩សម្ដេចក្រឡាហោមសខេងក៏បានថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានរៀបចំការចុះចាក់ផ្សាយសារអប់រំចល័ត គ្រប់ភូមិឃុំដល់ប្រជាពលរដ្ឋ។សម្ដេចក្រឡាហោមបានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់​ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលខេត្ត និងកំពុងបំពេញការងារ នៅតាមបណ្ដាអង្គភាពច្រកព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្ត​បន្ទាយមានជ័យទាំងអស់ នឹងបន្តខិតខំអនុវត្តន៍តួនាទី និងការទទួលខុសត្រូវបានល្អ និងមានការប្រុងប្រយ័ត្ន ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោមសខេងក៏បាននាំ​​យកអំណោយ និងថវិកាមួយចំនួនផ្តល់ជូនដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចនៅតំបន់ព្រំដែននេះ​ផងដែរ៕

ដោយឈុន សារ៉ាត