រដ្ឋមន្រ្តីក្រសួងការបរទេសបញ្ជាក់ថា ម៉ាឡេស៊ីបានបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិរបស់ខ្លួនដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់

វិទ្យុជាតិកម្ពុជា៖ ដោយ ផន វាសនា៖

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សាខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា កាលពីថ្ងៃទី២៥ ខែមីនាថា មន្ត្រីរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសម្របសម្រួលឲ្យមិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលជនជាតិរបស់ខ្លួនដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ជើងហោះហើរទាំងអស់តាមបទបញ្ជារគ្រប់គ្រងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ី ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាក៏បានសម្របសម្រួលឲ្យពលរដ្ឋកម្ពុជាចំនួន ៦នាក់ដែលជាប់នៅម៉ាឡេស៊ីបានធ្វើដំណើរតាមយន្តហោះពិសេសនេះត្រឡប់មកកម្ពុជាវិញ ដែរ។
ឯកឧត្តមបានបញ្ជាក់តាមរយៈហ្វេសប៊ុកផេកផ្លួវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថា ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះបានទៅធ្វើតេស្តនៅមន្ទីរពេទ្យចាក់អង្រែពេលមកដល់ភ្លាមៗ។ ឯកឧត្តមបន្ថែមថា លោក Hishammudin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីក៏បានទូរស័ព្ទមកឯកឧត្តម ដើម្បី អរគុណកម្ពុជាចំពោះការសម្រួលមាតុភូមិនិវត្តន៏របស់ពលរដ្ឋគាត់ផង ហើយ ក៏ឆ្លៀតឱកាសពិភាក្សាគ្នាអំពីការជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើងកាន់តំណែងថ្មីនេះកាលពីថ្ងៃទី៩ មីនា កន្លងទៅ និងអរគុណ ចំពោះការអនុញ្ញាតឲ្យពលករខ្មែរបានដោយសារយន្តហោះពិសេសរបស់ម៉ាឡេស៊ីហើយបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនិងពហុភាគី៕