ក្រសួងយុត្តិធម៌ រំពឹងទុកថា ការបង្កើតសាលាឧទ្ធរណ៍តំបន់នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលត្រូវការសេវាផ្លូវច្បាប់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៦ មីនា ២០២០

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានរំពឹងទុកថា ការបង្កើតសាលាឧទ្ធរណ៍តំបន់នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលត្រូវការសេវាផ្លូវច្បាប់ ធានាបាននូវយុត្តិធម៌ និងកាត់បន្ថយការចំណាយផ្សេងៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងយុត្តិធម៌» នៅព្រឹក ថ្ងៃទី២៦ ខែមីនានេះ នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការបង្កើតសាលាឧទ្ធរណ៍តំបន់គឺជាការបង្ខិតសេវាយុត្តិធម៌ទៅជិតប្រជាពលរដ្ឋដើម្បីជួយសម្រាលបន្ទុកការចំណាយ និងចំណេញពេលវេលាមិនពិបាកឡើងមកប្តឹងនៅសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញទៀត ។ ម៉្យាងវិញទៀតនឹងរួមកាត់បន្ថយការកកស្ទះ សំណុំរឿងនៅក្នុងតុលាការ និងពន្លឿនដំណើរការនីតិវិធីតុលាការថែមទៀត។
“ការបង្កើតឧទ្ធរណ៍តំបន់នេះ គឺជាការអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ប្រព័ន្ធយុត្តិធម៌របស់យើងក្នុងគោលដៅ៣ ទី១ គឺការបង្ខិតសេវាយុត្តិធម៌ទៅជិតប្រជាពលរដ្ឋ ទី២. ការធានានូវសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងទី៣. ដើម្បីដោះស្រាយនូវភាពកកស្ទះសំណុំរឿងនៅតុលាការក៏ដូចជាការកកស្ទះនូវចំនួនអ្នកជាប់ឃុំនៅក្នុងពន្ធនាគារផងដែរ”។
សូមបញ្ជាក់ថា សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសាលាឧទ្ធរណ៍តែមួយប៉ុណ្ណោះគឺនៅរាជធានីភ្នំពេញ ។ តែយោងតាមភាពចាំបាច់រាជរដ្ឋាភិបាលបានសម្រេចបង្កើតសាលាឧទ្ធរណ៍ចំនួន៣បន្ថែមទៀត គឺសាលាឧទ្ធរណ៍ព្រះសីហនុ សាលាឧទ្ធរណ៍បាត់ដំបង នឹងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដោយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០២០ខាងមុខនេះ៕