WHO៖ ករណីជាង ៤០០.០០០ករណីនៃការឆ្លងមេរោគកូរ៉ូណាវីរុស ត្រូវបានរាយការណ៍ជាសកល

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — យោងតាមស្ថានភាពដែលបង្ហាញដោយអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ករណីសរុបចំនួន ៤១៣.៤៦៧ករណីនៃការឆ្លងជំងឺ COVID-19 ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ១០:០០ CET (០៩០០ GMT) នៅថ្ងៃពុធ ។

ចំនួនអ្នកស្លាប់ជាសកលដោយសារជំងឺ COVID-19 បានកើនឡើងដល់ ១៨.៤៣៣នាក់ ខណៈដែល ​វីរុសនេះបានធ្វើឱ្យប៉ះពាល់​ដល់ប្រទេស និងតំបន់ចំនួន ១៩៦ ។

ក្រៅពីប្រទេសចិន ចំនួនករណីដែលបានបញ្ជាក់បានកើនឡើងដល់ ៣៣១.៦១៩ករណី ដោយនៅក្នុងនោះ មានករណីប្រមាណ​ជិត ២៤០.០០០ករណីត្រូវបានរាយការណ៍ដោយប្រទេសចំនួន ៦ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានជាង ២.០.០០០ករណី​ក្នុងមួយប្រទេស ដែលរួមមានប្រទេសអ៊ីតាលី សហរដ្ឋអាមេរិក អេស្ប៉ាញ អាល្លឺម៉ង់ អ៊ីរ៉ង់ និងបារាំង។

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា «ជំងឺរាត​ត្បាតនៅតែបន្តបង្កផលប៉ះពាល់យ៉ាងខ្លាំងមិនត្រឹមតែទៅលើសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅលើផ្នែកជាច្រើននៃជីវិតផងដែរ»។

លោក Tedros បានកត់សម្គាល់ថា ប្រទេសជាច្រើនបានដាក់ចេញនូវវិធានការណ៍ដែលមិនធ្លាប់មានពីមុនមកក្នុងតម្លៃសង្គម និងសេដ្ឋកិច្ច។

លោកបាននិយាយថា តាមរយៈការស្នើសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងបិទចលនាប្រជាជន ដោយប្រទេសទាំងនោះកំពុង​ទិញពេលវេលា និងកាត់បន្ថយសម្ពាធទៅលើប្រព័ន្ធសុខាភិបាល។

ទោះយ៉ាងណា ប្រធានអង្គការសុខភាពពិភពលោកពិភពលោកបានសង្កត់ធ្ងន់ថា វិធានការណ៍ទាំងនេះនឹងមិនជួយពន្លត់ជំងឺឆ្លង​ដោយខ្លួនឯងទេ។ លោកបានបញ្ជាក់សារជាថ្មីអំពីភាពចាំបាច់នៃការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការស្វែងរកការដាក់ឱ្យនៅដាច់​ដោយឡែក ការព្យាបាល និងតាមដានករណីជំងឺ COVID-19 ។

លោក Tedros បាននិយាយថា ជាការកត់សម្គាល់ជាង ១៥០ប្រទេស និងតំបន់ ឃើញមានករណីតិចជាង ១០០ករណី ដោយប្រទេស និងតំបន់ទាំងនេះ មានឱកាសក្នុងការការពារការឆ្លងនៅក្នុងសហគមន៍ និងជៀសវាងការចំណាយខាងសេដ្ឋកិច្ច និងសង្គម​ធ្ងន់ធ្ងរមួយចំនួនដែលត្រូវបានគេមើលនៅកន្លែងផ្សេងទៀត៕

(ប្រភព ​Xinhua បកប្រែដោយ លោក យា ចិន្តាខន្តី)