ប្រទេសអ៊ុយក្រែនគ្រោងនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៣០ថ្ងៃ ដោយសារជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denis Shmygal បានថ្លែងថា ប្រទេសអ៊ុយក្រែន គ្រោងនឹងដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេល៣០ថ្ងៃ ដោយសារតែស្ថានភាពនៃការរីករាលដាលនៃ មេរោគឆ្លង វីរុស COVID-19 ។

លោកបានថ្លែងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋាភិបាលថា «រដ្ឋាភិបាលនឹងពិចារណាប្រកាសភាពអាសន្នជាបន្ទាន់នៅក្នុងប្រទេសទាំងមូលរយៈពេល ៣០ថ្ងៃ។ វិធានការណ៍ដាច់ដោយឡែកទាំង​អស់នឹងត្រូវអូសបន្លាយរយៈពេល ៣០ ថ្ងៃ»។

រហូតមកដល់ពេលនេះ ស្ថានភាពអាសន្នត្រូវបានណែនាំនៅក្នុងទីក្រុងគៀវ និងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមមជ្ឈមណ្ឌលសុខភាពសាធារណៈនៃក្រសួងសុខាភិបាលអ៊ុយក្រែនបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមីនា មាន​ករណីផ្ទុកមេរោគរឆ្លងកូរ៉ូណាវីរុសចំនួន ១១៣ករណី នៅក្នុងប្រទេសអ៊ុយក្រែន។

មនុស្ស ៤នាក់បានស្លាប់។ ការដាក់ឱ្យនៅដាច់ដោយ​ឡែកត្រូវបានណែនាំនៅក្នុងប្រទេសចាប់ពីថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា។ មជ្ឈមណ្ឌលផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន កន្លែងហាត់ប្រាំ និងកន្លែងកម្សាន្តផ្សេងៗទៀតត្រូវបានបិទ។ សេវាកម្មដឹកជញ្ជូនអន្តរជាតិ និងក្នុងស្រុក នៅក្នុងប្រទេសអ៊ុយក្រែនត្រូវបាន​ផ្អាក។

កាលពីចុងខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរចិនបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីការផ្ទុះឡើងនៃជំងឺរលាក​សួតដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន។ ចាប់តាំងពីពេលនោះមក ករណីនៃការឆ្លងមេរោគ​កូរ៉ូណាវីរុស ដែលមានឈ្មោះថា COVID-19 ដាក់ដោយអង្គការសុខភាពពិភពលោក ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសជាង ១៥០ ដែលរួមមានទាំងប្រទេសរុស្ស៊ីផងដែរ។

កាលពីថ្ងៃទី ១១ ខែមីនា អង្គការ WHO បានប្រកាសពីការរីករាលដាលនៃជំងឺរាតត្បាតនេះជាសកល។ គិតមកទល់ពេលនេះ មានមនុស្សជាង ៤១០.០០០នាក់បានឆ្លងមេរោគនេះនៅជុំវិញពិភពលោក ហើយមនុស្សជាង ១៨.០០០នាក់បានស្លាប់។ ប្រទេសរុស្ស៊ី​បានរកឃើញអ្នកឆ្លងមេរោគនេះចំនួន ៦៥៨ករណី ដោយក្នុងនោះ មាន ២៩ករណី បានព្យាបាលជាសះស្បើយ។ រដ្ឋាភិបាលរុស្ស៊ីបានដាក់បណ្តាញទូរស័ព្ទតាមអ៊ិនធឺណេតដើម្បីឱ្យប្រជាជនរបស់ប្រទេសនេះដឹងអំពីស្ថានភាពនៃជំងឺឆ្លងនេះ៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)