លោក ពូទីន អំពាវនាវឱ្យប្រជាជនរុស្ស៊ីស្នាក់នៅក្នុងផ្ទះដោយសារជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — ក្នុងកំឡុងពេលថ្លែងសុន្ទរកថាទៅកាន់ប្រជាជន ចំពេលដែលមានការផ្ទុះឡើងនៃជំងឺ COVID-19 ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជំរុញឱ្យប្រជាជនរុស្ស៊ីបង្ហាញវិន័យ និងការទទួលខុសត្រូវ ដោយ «ស្នាក់នៅក្នុងផ្ទះ» ដោយសារតែជំងឺរាតត្បាត COVID-19 កំពុងឆ្លងរាលដាល។ ។

មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិថា «អនុសាសន៍ទាំងអស់ត្រូវតែធ្វើតាម។ យើងត្រូវការពារ​ខ្លួនយើង និងអ្នកដែលនៅជិតយើង» ។ លោកបានសង្កត់ធ្ងន់ថា «ជឿខ្ញុំ រឿងដែលមានសុវត្ថិភាពបំផុតនៅពេលនេះ គឺស្នាក់នៅតែក្នុង​ផ្ទះ«។

លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា នៅសប្តាហ៍ក្រោយមិនធ្វើការងារទេ ដោយសារតែការឆ្លងមេរោគនេះ ប៉ុន្តែប្រាក់ខែត្រូវបាន​ការពារទុកដដែល។ លោកប្រធានាធិបតីបាននិយាយនៅក្នុងសុន្ទរកថាដែលបានថ្លែងទៅកាន់ពលរដ្ឋរុស្ស៊ីកាលពីថ្ងៃពុធថា «ឥឡូវនេះ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារការ គំរាមកំហែងនៃការរាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ដូច្នេះ ខ្ញុំសូមប្រកាសថា នៅសប្តាហ៍ក្រោយនឹងមិនមានការធ្វើការងារទេ ដោយមានការការពារប្រាក់ខែនៅដដែល គឺថ្ងៃឈប់សម្រាកនឹងមានចាប់ពីថ្ងៃសៅរ៍ទី ២៨ ខែមីនា ដល់ថ្ងៃអាទិត្យទី ៥ ខែមេសា»។

លោកប្រធានាធិបតីបានប្រកាសថា ការបោះឆ្នោតរដ្ឋធម្មនុញ្ញត្រូវពន្យារពេលដោយសារជំងឺនេះ៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)