ប្រទេសម៉ាឡេស៊ីប្រកាសផ្អាកការផ្តល់ប្រាក់កម្ចីធនាគារ ចំពេលដែលកំពុងមានការរីករាលដាលជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — រដ្ឋាភិបាលម៉ាឡេស៊ីបានអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់ធនាគារទាំងអស់រួមទាំងបុគ្គលឯកជន ព្រមទាំង​សហគ្រាសធុនតូច និងមធ្យម ( SMEs ) នៅក្នុងប្រទេសនេះពន្យារពេលសងប្រាក់កម្ចីដែលមានស្រាប់ក្នុង រយៈពេលប្រាំមួយខែ។

វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយបន្ធូរបន្ថយបន្ទុកដែលកំពុងប្រឈមមុខដោយសហគ្រាសធុនតូច និងមធ្យម និង ប្រជាជន ក្នុងគ្រាដែលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃទី២៥ ខែមីនា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Tan Sri Muhyiddin Yassin បាននិយាយថា ការផ្អាកនេះនឹងចាប់ផ្តើមពីថ្ងៃទី១ ខែមេសា តទៅ។

ក្រៅពីនេះ អ្នកកាន់ប័ណ្ណឥណទានដែលជួបការលំបាកក្នុងការទូទាត់សមតុល្យដែលនៅសល់ អាចជ្រើសរើសការទូទាត់សងវិញ​នៅចន្លោះថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែធ្នូ។

អាជីវកម្មក្នុងស្រុកក៏អាចចរចាជាមួយធនាគារស្តីពីការរៀបចំរចនាសម្ព័ន្ធ នៃការសងប្រាក់កម្ចីដែលសមស្របសម្រាប់ស្ថានភាពអាជីវកម្មរបស់ពួកគេ។ វិធានការណ៍នេះសង្ឃឹមថា ជួយសហគ្រាសរក្សាសកម្មភាពអាជីវកម្មរបស់ខ្លួន។

យោងតាមនាយករដ្ឋមន្រ្តី Yassin បានឱ្យដឹងថា វិធានការណ៍ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវចំណាយថវិកាប្រមាណ ១០០ប៊ីលានរីងហ្គីត (ស្មើនឹង ២២,៦៥ប៊ីលានដុល្លារអាម៉េរិក)៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)