បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ចាត់វិធានការខ្លាំង ដើម្បីប្រឆាំងនឹងជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃទី២៥ ខែមីនា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានសម្រេចពង្រីក​បទបញ្ជាការផ្លាស់ប្តូរការគ្រប់គ្រង (MCO) ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១៤ ខែមេសា ខណៈដែលករណីថ្មីនៃជំងឺ COVID-19 នៅក្នុងប្រទេសបន្តកើនឡើង។

មេដឹកនាំរូបនេះបាននិយាយថា លោកនឹងប្រកាសកញ្ចប់ជំរុញសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយថែមទៀតនៅថ្ងៃទី២៧ ខែមីនា។

យោងតាមនាយករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ប្រទេសម៉ាឡេស៊ីបានរាយការណ៍ករណីថ្មីចំនួន ១៧២ករណី ដែលបានធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសកើនឡើងរហូតដល់ ១.៧៩៦ករណី ដោយមានអ្នកស្លាប់ចំនួន ១៧ករណី។

ទន្ទឹមនឹងនេះដែរ ជនបរទេស ២នាក់ទៀតបានធ្វើតេស្តវិជ្ជមានចំពោះមេរោគ SARS-CoV-2 ដែលបណ្តាលឱ្យមានជំងឺ COVID-19 ដែលត្រូវបានរកឃើញនៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសកម្ពុជាកើនដល់ ៩៣ករណី។

តួលេខនេះត្រូវបានចែករំលែកដោយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន នៅក្នុងពិធីជួបជុំជាមួយក្រុមគ្រូពេទ្យអ្នកស្ម័គ្រចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកាលពីថ្ងៃទី២៥ ខែមីនា។ នៅក្នុងចំណោមអ្នកជំងឺ COVID-19 ទាំងនោះ មាន ៦ករណីបានជាសះស្បើយហើយ។

នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍អំពីករណីថ្មីនៃជំងឺនេះចំនួន ១០៧ករណី ដែលធ្វើឱ្យចំនួនសរុបនៅក្នុ​ងប្រទេសថៃកើនឡើងដល់ ៩៣៤ករណី។

អ្នកដំណើរតាមរថភ្លើងទាំងអស់នៅក្នុងប្រទេសថៃ រួមទាំងអ្នកដែលជិះរថភ្លើងលើអាកាសផងដែរ នឹងតម្រូវឱ្យពាក់របាំងមុខមុន​ពេលចូលស្ថានីយ៍រថភ្លើង និងក្នុងអំឡុងពេលធ្វើដំណើរនៅលើនាវាចាប់ពីថ្ងៃទី ២៥ ខែមីនា នេះតទៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹង​ប្រែងរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយវិបត្តិជំងឺ COVID-19 ដែលកំពុងកើនឡើងនេះ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏គ្រោងនឹងរៀបចំផែនការដើម្បីផ្តល់ការឆ្លើយតបជាបន្ទាន់ចំពោះការឆ្លងមេរោគ COVID-19 ដែលអាចកើតមាននៅជំរុំជនភៀសខ្លួន (IDP) នៅក្នុងប្រទេសនេះ។

មានជំរំជនភៀសខ្លួនចំនួន ១២៨កន្លែងដែលអាចទទួលបានប្រជាជនចំនួន ១៨៤.៣៣៣នាក់ នៅក្នុង ២៤ក្រុង ក្នុងរដ្ឋ Kachin រដ្ឋ Kayin រដ្ឋ Shan និងរដ្ឋ Rakhine ដោយយោងទៅតាមស្ថិតិកាលពីខែមករាឆ្នាំនេះ៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)