ក្រសួងកសិកម្ម បន្តចាត់វិធានការ ឆ្លើយតបជាបន្ទាន់ លើកម្មវិធី និងគម្រោងអភិឌ្ឍន៍នានា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ26.03.2020៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បន្តចាត់វិធានការ ឆ្លើយតបជាបន្ទាន់ លើកម្មវិធី និងគម្រោងអភិឌ្ឍន៍នានា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩ដើម្បីបញ្ជៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅជនបទ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលវិទ្យុជាតិកម្ពុជាទទួលបាននាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹង ការរីករាលដាលយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺកូវីដ១៩ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ជាពិសស នាយកកម្មវិធីឬគម្រោងអភិវឌ្ឍន៍នានា ត្រូវអនុវត្តជាបន្ទាប់នូវវិធានការចាំបាច់មួយចំនួន ដូចជា៖ ត្រូវអនុវត្តនូវសកម្មភាពចាំបាច់ក្នុងស្ថានភាពបន្ទាន់ជាការឆ្លើយតប ដើម្បីបង្កើនផលិតកម្មស្បៀង ប្រកបដោយគុណភាពនិងសុវត្ថិភាព សំដៅរួមចំណែកបង្កើននូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចជាពលករដែលទើបតែ ត្រឡប់មកពីបរទេសវិញ។ ត្រូវពិនិត្យសកម្មភាពឆ្លើយតបបន្ទាន់ក្នុងគម្រោង ដើម្បីដោះស្រាយបញ្ហាទឹកដោយការប្រើប្រព័ន្ធសន្សំសំចៃទឹក ការជួយជីកនិងស្តារស្រះ ត្រពាំង និងអណ្តូងជាដើម ការអប់រំបណ្តុះបណ្តាល ណែនាំផ្សព្វផ្សាយអំពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ និងការធ្វើហិរញ្ញប្បទានដល់ប្រជាកសិករតាមគ្រប់រូបភាព សំដៅដល់ការបង្តើតកសិដ្ឋានថ្មីៗ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តលផល។ជាមួយគ្នានេះ ក៏ត្រូវពិនិត្យខ្ទង់ថវិកាដែលអាចយកមកអនុវត្តសកម្មភាព ឆ្លើយតបជាបន្ទាន់ ពនឿនការអនុវត្តកម្មវិធី និងសកម្មភាពទូទាត់ថវិកាឱ្យបានទាន់ពេលវេលា និងកាត់បន្ថយនូវរាល់ចំណាយដែលមិនចាំបាច់នានា។ ត្រូវស្នើសុំបន្ធូរបន្ថយលើលក្ខខណ្ឌតម្រូវ នៃ ការស្នើសុំថវិកា ដើម្បីមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារ ដែលកំពុងតែចាំ បាច់។ ត្រូវជំរុញដល់អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានទទួលហិរញ្ញប្បទានពីគម្រោង ឲ្យមានវិធានការផ្សព្វផ្សាយ និងពង្រីកទីផ្សារលក់ផលិតផល ឱ្យកាន់តែសកម្មនិងខ្លាំងក្លាជាងមុខ។
ក្រសួងកសិកម្ម ជឿជាក់ថា នាយកកម្មវិធីឬគម្រោងអភិវឌ្ឍន៍ ប្រធានអង្គភាពក្រោមឱវាទ និងប្រធានមន្ទីរកសិម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត សហការអនុវត្តឲ្យមាន ប្រសិទ្ធភាពខ្ពស់ទ្វេដង៕