រដ្ឋបាលខេត្តព្រះវិហារជូនដំណឹងស្តីពីការចាត់វិធានការសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីត១៩

វិទ្យុជាតិកម្ពុជា:ស្រីផល ២៦.០៣.២០២០៖

រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងដល់ប្រជាពលរដ្ឋ ស្តីពីការចាត់វិធានការ បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីត១៩ ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ជម្ងឺនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះវិហារបានឲ្យដឹងថា ស្របតាមការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីត១៩ នៅតាមសហគមន៍មូលដ្ឋាននានា រដ្ឋបាលខេត្តសូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលទើបអញ្ជើញត្រឡប់មកពីក្រៅប្រទេស ត្រូវអនុវត្តវិធានការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ នឹងត្រូវទំនាក់ទំនងមកអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ។ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ត្រូវសហការជាមួយមណ្ឌលសុខភាពចាត់វិធានការគ្រប់គ្រងអប់រំ និងតាមដានស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ជាប្រចាំ ពិសេសបងប្អូនប្រជាពលរដ្ឋដែលទៅវិលត្រឡប់មកពីក្រៅប្រទេស ដាច់ខាតត្រូវធ្វើការអប់រំ និងណែនាំពួកគាត់ឲ្យអនុវត្តនូវវិធានការដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃស្របតាមវិធានសុខាភិបាល និងត្រូវរាយការណ៍តួលេខ និងបញ្ហាប្រឈមនានាមករដ្ឋបាលខេត្តជារៀងរាល់ថ្ងៃ។មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុងព្រះវិហារស្រុកជាំក្សាន្តស្រុកគូលែន និងអង្គភាពពាក់ព័ន្ធនានា ត្រូវសហការរៀបចំសណ្ឋាគារហ្គ្រីនផាលេស សណ្ឋាគារព្រះវិហារជ័យ មណ្ឌលសុវត្ថិភាពតាកឹង សម្រាប់ត្រៀមបម្រុងទុកធ្វើជាបន្ទប់ថែទាំអ្នកជំងឺរលាកផ្លូវដង្ហើមកូវីត១៩ ក្នុងករណីចាំបាច់ ។លេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ខេត្ត ត្រូវយកចិត្តទុកដាក់ធ្វើការតាមដានជាប្រចាំ ចំពោះការវិវឌ្ឍន៍ថ្មីៗនៃជំងឺកូវីត១៩នេះ នឹងត្រូវត្រៀមក្រុមគ្រូពេទ្យប្រចាំការ សម្រាប់ការងារសង្គ្រោះបន្ទាន់ក្នុងករណីចាំបាច់ និងត្រូវរាយការណ៍មករដ្ឋបាលខេត្តជារៀងរាល់ថ្ងៃ។