ក្រសួងអប់រំយុវជននិងកីឡា ដាក់វិធានការបន្ថែមក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 26,03,2020


ក្រសួងអប់រំ យុវជន និងកីឡា ដាក់វិធានការបន្ថែមក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាននៃជំងឺរាតត្បាតជាសកលនេះ ។
យោងតាមសេចក្តីណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសូមធ្វើការណែនាំបន្ថែមដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុញ្ញាតឲ្យមន្ត្រីអប់រំធ្វើការនៅផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ ដោយផ្អាកការត្រួតពិនិត្យវត្តមានតាមរយៈការស្គែនកាត ឬក្រយៅដៃមួយរយៈសិន។គ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការ និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន។ រាល់ការដាក់ឆ្លងឯកសារ និងការបែងចែកឯកសារ ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp ជាដើម។ហាមផ្តាច់មិនឲ្យមានការបង្រៀនគួរក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ក្នុងករណីគ្រូបង្រៀនណា ដែលល្មើស ក្រសួងនឹងចាត់វិធានការរដ្ឋបាលចំពោះគ្រូនោះ៕
ដូច្នេះសូមអង្គភាពនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងអប់រំ យុវជននិងកីឡា ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមតាមដានជាប្រចាំ នូវការផ្សព្វផ្សាយបន្ថែមរបស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួង សុខាភិបាល ៕