ក្រសួងអប់រំបញ្ជាក់ពី ការរៀនតាមប្រព័ន្ធអេឡិចត្រូនិកដល់សិស្សានុសិស្សថ្នាក់ទី១ ទី២ និងទី៣

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ០៣ ២០២០៖

ក្រសួងអប់រំបញ្ជាក់ពី ការរៀនតាមប្រព័ន្ធអេឡិចត្រូនិកដល់សិស្សានុសិស្សថ្នាក់ទី១ ទី២ និងទី៣ ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការផ្តល់សេវាអប់រំ ដល់សិស្សានុសិស្ស តាមរយៈបច្ចេកវិទ្យាការបង្រៀនពីចម្ងាយ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា ការបង្រៀនភាសាខ្មែរនិងគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ក្នុងអំឡុងពេលនៃការអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ក្រសួងបាននិងកំពុងអនុវត្តកម្មវិធីសិក្សាដោយប្រើប្រាស់ បច្ចេកវិទ្យាការបង្រៀនពីចម្ងាយ សម្រាប់ជួយដល់សិស្សានុសិស្ស ដែលកំពុងរៀនសូត្រនៅតាមផ្ទះ ។ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សថ្នាក់ទី១ ទី២ និងទី៣ អាចចូលមើលនិងសិក្សាពីវីដេអូបង្រៀន ដោយលោកគ្រូ អ្នកគ្រូចំណានៗ តាមរយៈទំព័រ Facebookផ្លូវការរបស់កម្មវិធីកុមាររៀនកុមារចេះ www.facebook.com/123komar (តាមកម្មវិធីដូចមានជូនភ្ជាប់) ,បណ្ដាញ YouTube ផ្លូវការរបស់ក្រសួងគឺwww.youtube.com/moeys , ទំព័រ Facebook ផ្លូវការរបស់ក្រសួងគឺ WWW. Facebook. com/moeys.gov.kh , មជ្ឈមណ្ឌលសិក្សាអេឡិកត្រូនិករបស់ក្រសួងគឺ elearning.moeys.gov.kh , App របស់ E-School Cambodia តាមផ្នែក EG! សម្រាប់ថ្នាក់ទី១ EG2 សម្រាប់ថ្នាក់ទី២EG3 សម្រាប់ថ្នាក់ទី៣។
ប្រភពដដែលបានឲ្យដឹងថា ក្រៅពីទស្សនាវីដេអូបង្រៀនតាមមេរៀន និងមុខវិជ្ជានីមួយៗ សិស្សានុសិស្សទាំងអស់អាចសួរសំណួរនៅក្នុងវេទិកាសំណួរ-ចម្លើយ (Q&A Platform) ដែលមាននៅក្នុងប្រព័ន្ធ (E-School Cambodia) ។ នៅពេលខាងមុខនេះ ក្រសួងនឹងរៀបចំការបង្រៀនដោយបច្ចេកវិទ្យាពីចម្ងាយបន្ថែមទៀត សម្រាប់កម្រិតថ្នាក់មត្តេយ្យសិក្សា និងមុខវិជ្ជាវិទ្យាសាស្រ្តសង្គម តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ប្រភពដដែលបានបន្ថែមថា ដើម្បីប្រើប្រាស់ប្រព័ន្ធ E-School Cambodia សិស្សានុសិស្សទាំងអស់ត្រូវ Download កម្មវិធីនេះតាម Playstore សម្រាប់ប្រភេទប្រតិបត្តិការ Android ឬតាម App Store សម្រាប់ប្រភេទប្រតិបត្តិការ IOS ដោយវាយពាក្យ E-SchoolCambodia ហើយចុចលើប៊ូតុង Install។ សិស្សានុសិស្សត្រូវបំពេញលេខទូរស័ព្ទរបស់ខ្លួន និងបញ្ចូលលេខកូដសម្រាប់ចូលសិក្សាដោយឥតគិតថ្លៃពេញមួយឆ្នាំ ២០២០ នេះ ៕