ស្ថានទូតកម្ពុជា ជូនដំណឹងពីវិធានការបន្ថែម របស់រដ្ឋាភិបាលស្វីស ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៦ ០៣ ២០២០ ៖

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីស ជូនដំណឹងពីវិធានការបន្ថែម របស់រដ្ឋាភិ បាលស្វី ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីបង្កាការពារសុខាមាលភាពរបស់ប្រជាជន។
យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហពន្ធ័ស្វីស ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បន្ថែមលើសេចក្ដីជូនដំណឹងចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០កន្លងទៅ ស្ថានឯកអគ្គរាជទូតកម្ពុជា សូម ពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្នាក់នៅ បម្រើការងារ និងសិក្សា ឬមានបំណងធ្វើដំណើរចូលសហពន្ធ័ស្វីស ឲ្យបានជ្រាបថា ដើម្បីការពារប្រជាជន រដ្ឋាភិបាលស្វីសបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្នុងនោះរួមមានការហាមឃាត់មិនអនុញ្ញាតឲ្យចូលប្រទេសស្វីស ចំពោះបុគ្គលមកពីប្រទេសអ៊ីតាលី បារាំង អាល្លឺម៉ង់ អូទ្រីស អេស្បាញ និងប្រទេសមិនស្ថិតក្នុងតំបន់ Schengen។ ដោយឡែកអាជ្ញាធរស្វីបានផ្អាកការផ្តល់ទិដ្ឋាការចូលប្រទេសស្វីស រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងចំពោះអ្នកការទូត។
ប្រភពបន្ដថា មានតែពលរដ្ឋស្វីស និង រដ្ឋឡិចតេនស្ទាន បុគ្គលដែលមានបណ្ណ័ស្នាក់នៅក្នុងប្រទេសស្វីស និងបុគ្គលដែលចាំបាច់ត្រូវធ្វើដំណើរចូលប្រទេសស្វីសក្នុងហេតុផលអាជីពឬបន្ទាប់ប៉ុណ្ណោះ នឹងត្រូវអនុញ្ញាតឲ្យចូល។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីស សូមរំលឹកថា រដ្ឋាភិបាលបានណែនាំពលរដ្ឋទាំងអស់ឲ្យស្នាក់ក្នុងគេហដ្ឋាន មិនត្រូវធ្វើដំណើរទាំងនៅក្នុងប្រទេសស្វីស និងចេញទៅបរទេស ព្រមទាំងការប្រកាន់ខ្ជាប់នូវអនាម័យ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងសហគមន៍កំពុងស្នាក់នៅ។