រាជរដ្ឋាភិបាល អះអាងថា ការផ្គត់ផ្គង់អគ្គិសនីនារដូវប្រាំងនេះគ្មានការខ្វះខាតនោះឡើយ

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ២៦ ០៣ ២០២០៖

រាជរដ្ឋាភិបាល អះអាងថា ការផ្គត់ផ្គង់អគ្គិសនីនារដូវប្រាំងនេះនឹងគ្មានការខ្វះខាតដូចឆ្នាំ២០១៩កន្លងទៅនោះឡើយ។
ថ្លែងនាឱកាសចូលការពារច្បាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍថាមពលអគ្គិសនីនៅកម្ពុជា ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា ព្រឹកថ្ងៃទី២៦ ខែមីនានេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគនារដូវប្រាំងឆ្នាំនេះ ពុំមានការខ្វះខាតទៀតនោះទេ បើទោះជានៅរដូវប្រាំងឆ្នាំនេះមានអាកាសធាតុក្តៅ និងរាំងស្ងួតពុំមានទឹកភ្លៀងរយៈពេលយូរក្តី។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនី តាមរយៈការសាងសង់រោងចក្រថាមពលពីពន្លឺព្រះអាទិត្យ រោងចក្រអគ្គិសនីដុតធ្យូងថ្ម រោងចក្រអគ្គិសនីដើរដោយជីវឧស្ម័ន ការសាងសង់វារីអគ្គិសនី ជាដើមនេះ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ឲ្យបានគ្រប់ភូមិ និងរោងចក្រ សហគ្រាស ជាមួយតម្លៃសមរម្យ។
យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗនៅក្នុងប្រទេសកម្ពុជាបានកើនដល់ទំហំ ៣.៣៨២មេហ្កាវ៉ាត់ ក្នុងកំណើន២៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ កំណើនផ្គត់ផ្គង់អគ្គិសនីដែលស្ទុះខ្លាំងនេះ គឺដោយសារតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកើនឡើង ស្របតាមការរីកចម្រើននៃប្រទេសជាតិ។
ក្រសួងជំនាញដដែលនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទជាបន្តទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើតសុខដុមនីយភាពនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ដោយនៅត្រឹមឆ្នំា២០២០នេះ គ្រប់ភូមិទំាងអស់នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគិ្គសនីផេ្សងៗ និងដល់ឆ្នំា២០៣០យ៉ាងហោច៩០ភាគរយ នៃគ្រួសារទំាងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីមានគុណភាពដូចអគិ្គសនីពីខែ្សបណ្តាញជាតិប្រើប្រាស់៕