បទយកការណ៍៖ សិល្បករ និងវិចិត្រករ ប្រមូលថង់ប្លាស្ទិក ដបទឹក និងកាកសំណល់សំរាម កែច្នៃ​ធ្វើជាវត្ថុសិល្បៈ និងរបស់ប្រើប្រាស់ ដើម្បីចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០​ — ដោយមើលឃើញពីឥរិយាបថរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួននៅមិនទាន់មានការយល់ ដឹងឱ្យបានទូលំទូលាយអំពីការទុកដាក់សំរាម ដបទឹក និងចង់ប្លាស្ទិកដែលបានប្រើប្រាស់រួច យក​ទៅបោះចោលពាសវាល​ពាសកាល បង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព​សាធារ​ណៈ​​នោះ សិល្បករ និងវិចិត្រករល្បីៗនៅក្នុងប្រទេសកម្ពុជា បានប្រមូលយកថង់ប្លាស្ទិក ដប​ទឹក​​ដែលគេបោះចោល និងកាកសំណល់សំរាម សម្រាប់យកមកធ្វើការកែច្នៃជារូបសត្វ ឧបករណ៍ប្រើ​ប្រាស់ និងវត្ថុសិល្បៈដ៏មានតម្លៃ ដើម្បីបង្ហាញដល់សិស្ស និស្សិត និងប្រជា​ពលរដ្ឋបាន​ឈ្វេង​យល់ពីបរិស្ថាន អនាម័យ ក្នុងការទុកដាក់វត្ថុទាំងអស់នេះ ឱ្យបានត្រឹមត្រូវ និងចូលរួមជួយ​ថែរក្សា ការពារបរិស្ថានឱ្យបានល្អនៅក្នុងក្រុមគ្រួសារ សហគមន៍ និង​សង្គម​ជាតិទាំងមូល។ ការកែច្នៃពីចង់ប្លាស្ទិក ដបទឹកដែលគេប្រើប្រាស់រួច វត្ថុចាស់ៗ និងកាក​សំណល់​សំរាមនេះ ត្រូវបានយកមកដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងស្ថានទូតបារាំង​ប្រចាំ​កម្ពុជា ដែលមានរូបថតជាច្រើនផ្ទាំងខុសៗគ្នា ដើម្បីតាំងពិព័រណ៍​ឱ្យសាធារណជន​ចូល​ទស្សនាដោយសេរី ចាប់ពីដើមខែមីនា ឆ្នាំ២០២០នេះ គឺមានរយៈពេល១ខែ។

លោក លាង ស៊ីកន ជាសិល្បករ និងវិចិត្រករខ្មែរម្នាក់បានបញ្ជាក់ឱ្យដឹងថា ការដាក់ តាំងពិព័រណ៍នៅក្នុងស្ថានទូតបារាំងនេះ លោកបានជ្រើសរើស​យកសត្វបករមព៌តនេះពីព្រោះមករគឺ​ជា​ស្តេចសត្វ ដែលវាអាចលេបនាគបាន និងមានអំណាចមហិមា បើប្រៀបសត្វមករជា​ស្តេច​នៃធម្មជាតិ ហើយមានន័យធំទូលាយ​ជា​ង​​ស​ត្វ​នាគ។ លោកបានបន្ថែមថា រូបដាក់តាំង​ពិព័រ​ណ៍​សត្វមករបព៌តនេះ បើមើលទៅមានចែ មានដងខ្លួន មាន​ស្រ​កា ដូចសត្វនាគភាគ​ច្រើ​ន ដោយ​លោកបានរៀបចំតុបតែង និងបំពាក់លើមករដោយមានប្រមោយ និង​ភ្លុ​ក​នៅ​ខា​ង​ចុ​ង។ លោកបានឱ្យដឹងថា សត្វមករនេះ បើយើងគិតថា វាមានជីវិត ប្រហែលវាអាចផុតពូជដោយ​សារកា​រ​ប្រែ​ប្រួលអាកាសធាតុ ឬក៏ជាសត្វនៅក្នុងព្រេងនិទានប្រសិនបើវាមានជីវិត។ ប្រសិន​បើវាអត់ទេ វាគ្រាន់តែជានិមិត្តរូបវប្បធម៌និងនិមិត្តរូបរបស់ស្តេចធម្មជាតិ។ លោកបានថ្លែងថា “ក្នុងកាលៈទេសៈនេះ ខ្ញុំជាអ្នកសិ​ល្បៈ​​ករសហសម័យ ខ្ញុំបានរំលេចសត្វមករជាថ្មីក្នុង​សណ្ឋាន​ប្លាស្ទិកមកលម្អ ហើយបើយើងមើ​ល​​រូប​ភាពជាក់ស្តែង ​វាមានធម្មជាតិដ៏ស្រស់ស្អាត​នៅទី​លាននេះ និងសួនមានផ្កា ដែលជាសត្វមករដ៏ស្រស់ស្អាត ដែល​រំលេចជាពិសេសគឺប្លាស្ទិក។ បើយើងមើលឃើញធម្មជាតិ ដើមឈើ ផ្កា​ព្រៃ​ និងសំណង់នៅពីខាងក្រោយ ចង់បង្ហាញថា ពិភពលោក គឺមនុស្សរស់នៅច្រើន។ ប៉ុន្តែប​រិ​ស្ថា​នមានចំណុចបាត់បង់ខ្លះ ទោះបីវាមាននៅដូច​ភ្នំពេញយើង ​បើនិយាយពីបរិស្ថានដើមឈើ គឺនៅស្ថានទូតបារាំង វត្តភ្នំ មួយភាគធំគឺវា​បាត់បង់។” លោកបានអះអាងថា ការយកសត្វមករនេះមកដាក់តាំងនៅទីនេះគឺ​ចង់បង្ហាញអំពី​សោភ័ណភាពនៃ​ពិ​ភ​ពលោកបៃតង តែដោយកាលវេលា និងការប្រែប្រួលរបស់អាកាសធាតុ និងចរន្ត​របស់​ម​នុ​ស្ស​ ដែលបានធ្វើឱ្យបរិស្ថាន រួញខើច ដូចជាការប្រើប្រាស់ប្លាស្ទិក ខណៈ​សព្វថ្ងៃនេះគឺកំពុងពេញនិយមលើការប្រើប្លាស្ទិកនេះ។

លោកបានលើកឡើងទៀតថា “អញ្ចឹងសារដែលសត្វមករចង់បង្ហាញខ្លួននេះ គឺ​ច​ង់​ដា​ស់សតិអារម្មណ៍ពិភពលោក មនុស្សយើងទាំងអស់គ្នាឱ្យចេះប្រយ័ត្នការប្រើប្រាស់​ប្លា​ស្ទិ​ក​ យើង​អាចកែច្នៃអាចប្រើឱ្យអស់លទ្ធ​ភា​ពកុំឱ្យមួយថ្ងៃប្រើដប់ស្អែកឡើងប្រើដប់ទៀត។ បើ​យើង​មានដប់នឹងយើងអាចប្រើដប់ថ្ងៃ វាកា​ត់​​បន្ថយការប្រើប្រាស់ ហើយយើងអាចច្នៃប្រឌិត ខ្ញុំជា​សិល្បករខ្ញុំអាចច្នៃប្រឌិតទៅ​ជាភា​ព​ស្រ​ស់ស្អាតមួ​យទៅជាសិល្បៈដែលអាចទាក់ទាញបាន។”

តែទោះបីយ៉ាងក៏ដោយ សត្វមករដែលវាផុតពូជទៅវាចង់ប្រាប់​ត្រ​ឡ​​ប់មកវិញថា កុំឱ្យ​សត្វមច្ឆាជាតិ កុំឱ្យសត្វនៅក្នុងព្រៃ សត្វចតុបាទ ឬសត្វបក្សី និងពូជសត្វផ្សេងៗ​ទៀ​តផុត​ពូជដូចសត្វមករនេះ។ ដូច្នេះស្តេចសត្វនេះ អាចផុតពូជបាន គឺក្នុងនិមិត្តរូបមួយដែលអាច​បង្ហាញ និងមកប្រាប់វិញថា យើងគួរចូលរួមថែទាំទឹកស្អាត បរិស្ថានស្អាត ខ្យល់បរិសុទ្ធ​ដើម្បីការរស់នៅ មា​ន​សុ​ភមង្គល មានសេចក្តីថ្លៃថ្នូរ។ លោក​ លាង ស៊ីកន បានបន្ដឱ្យដឹង​ទៀតថា “បើផ្ទះយើងព័ទ្ធជុំវិញដោយសំរាម គ្រឿងសម្អុយពុករលួយ និងកាកសំណល់ផ្សេងៗ​យើងរស់នៅអត់មានសុភមង្គលទេ។ តែបើផ្ទះយើងស្អាតមានឧទ្យាន​ស្អា​​ត មានខ្យល់បរិសុទ្ធ ទឹកស្អាត ព័ទ្ធជុំវិញស្អាត យើងមានសុខភាពក៏ល្អដែរ។ ដូច្នេះន័​យ​សំ​ខា​ន់​គឺថាយើងទាំងអស់​គ្នារួមដៃគ្នាដើម្បីថែទាំបរិស្ថាន ទឹកស្អាត អនាម័យ ដើម្បីបន្តវេនដល់អ្នក​ជំ​​នាន់ក្រោយឱ្យពិភព​លោក​មាននិរន្តរភាព។”

លោក រៀម មុនីស៊ីឡុង សិល្បករកែច្នៃសំរាមមកពីខេត្ដសៀមរាបបានឱ្យដឹងថា ការ​បង្កើតស្នាដៃសិល្បៈកែច្នៃសំរាមនេះគឺលោកធ្វើបាន១០ឆ្នាំមកហើយ ដែលមានឈ្មោះថា (មច្ឆា​អ​ង្គរស​ម្អាតសំ​រាមក្នុងទឹក) គឺផ្តោតលើឧបករណ៍សម្អាតសំរាម និងកែច្នៃសំរាម។ លោក បានបន្ដថា ការកែច្នៃឧបករណ៍សម្អាតសំរាមនេះ គឺបានធ្វើជាលក្ខណៈដំណើរកម្សាន្តក្នុងទឹក  និងអាចជួយលើកកម្ពស់ដល់​ប​រិ​​ស្ថា​ន ដោយសារតែឧបករណ៍នេះមានស្បៃទាញយកសំរាម​នៅក្នុងទឹក។ លោកបាននិយាយថា “ខ្ញុំគិតថា ការចូលរួមតាំងពិព័រណ៍បង្ហាញឧបករណ៍​សម្អាត​សំរាមនេះ គឺវាជួយលើកកម្ពស់​បរិស្ថានបានច្រើន​ដោយសារ ខ្ញុំធ្វើឧបករណ៍នេះទាក់ ទងទៅលើរបស់ដែលចាស់ៗខ្លះ ហើយខ្ញុំយកមកកែច្នៃដើម្បីឱ្យក្មេងជំនាន់ក្រោយឃើញថា រប​ស់​ចាស់ក៏យើងអាចកែច្នៃវិញបាន និងប្រើបាស់បាន ហើយក៏ជាសារមួយសម្រាប់ផ្ដល់​ឱ្យ​ក្មេងជំ​​នា​ន់ក្រោយបានឃើញញផងដែរ”។ លោកបានលើកឡើងថា ឧបករណ៍នៅក្នុងរូបនេះ គឺតំណាងឱ្យត្រីគល់រាំង ព្រោះវាប្រុងនឹងផុតពូជទៅហើយ ដើម្បីឱ្យក្មេងជំ​នា​ន់​ក្រោ​យគាត់បាន​ឃើញថា ប្រភេទថ្មីត្រីគល់រាំងវាស្រដៀងទៅនឹងឧបករណ៍នេះដែរ ហើយជួយលើកកម្ពស់លើ​ប​រិ​​ស្ថាន។

លោក រៀម មុនីស៊ីឡុង បានឱ្យដឹងទៀតថា “ដោយសារខ្ញុំគិតថា វាបានផលប្រយោជន៍​ជួយទៅក្នុងសង្គមច្រើនបានជាខ្ញុំបង្កើតការងារកែច្នៃ​សំ​រា​ម ឧបករណ៍សម្អាតសំរាមនេះឡើង ព្រោះខ្ញុំគិតថា ភាគច្រើននិស្សិត ឬក៏អ្នកដែលគាត់ច​ង់សម្អាតសំរាម​គាត់គិតពីផលប៉ះពាល់​សំរាម និងផលប៉ះពាល់ទៅលើសុខភាពរបស់គាត់ គាត់ខ្លាចផលប៉ះពាល់ខ្លាំង។ អីច្ចឹងយើង​អាចបង្កើតឧបករណ៍សម្អាតសំរាមនេះបាន គឺជួយ​អាចបា​នទៅលើសុខភាព និងគាត់បានធ្វើ​ដំណើរកម្សាន្ត យើងអាចប្រមូលសំរាម​បា​ន​​ដោយ​ស្វ័​យប្រវត្តិ។”

លោក ម៉ក់ រេមីស្សា ជាសិល្បករ និងជាអ្នកថតរូបអាជីពបានគូសបញ្ជាក់ថា ការយក​រូបថតដាក់តាំងពិព័រណ៍នៅទីនេះ គឺតាម​ការអញ្ជើញរ​ប​ស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ហើយនេះគឺជាលើកទី២ហើយក្នុងឆ្នាំនេះ ដោយពីរឆ្នាំគេរៀបចំធ្វើម្តង ដែលឯកអគ្គរដ្ឋទូត បារាំង បានអញ្ជើញសិល្ប​ក​ វិចិត្រករនៅក្នុងប្រទេសកម្ពុជាឱ្យចូលរួមក្នុងការដាក់តាំង ពិព័រណ៍​​រូបថតនេះ។ លោកបានបន្ដថា ការអញ្ជើញរូបលោកជាអ្នកសិល្បករ​ខាង​ថតរូប គឺ​លោក​​បានចូល​រួមជាមួយដែរក្នុងឆ្នាំនេះ ដោយបានយកស្នាដៃរូបថតរបស់លោកទាក់ទងនឹង​​អត្ថន័យ​ទឹកឡើង​ត្រីស៊ីស្រមោច ទឹកហោច​ស្រ​មោ​​​​ចស៊ី​ត្រី ដើម្បីចូលរួមជាមួយសិល្បករ​ទម្រង់ផ្សេងៗទៀត ព្រោះក្នុងសួនច្បារស្ថានទូត​បា​រាំ​ងមានវិចិត្រករ សិល្បករ និងសិល្បករ​ចម្លាក់ ។ល។ លោកបានបញ្ជាក់បន្ថែមថា “សម្រាប់រឿងរបស់ខ្ញុំនេះគឺមាន៦ផ្ទាំង ហើយក្នុង៦​ផ្ទាំងគឺបូក​នឹ​ង១​ផ្ទាំង​​​ទៀតគឺមានអត្ថបទសរសេរពីប្រវត្តិរូបខ្ញុំ និងគំនិតខ្លះនៅក្នុងរូបថត។  សម្រាប់រូបនីមួយៗនៅក្នុ​ង​ប្រ​ធា​ន​បទធំ ខ្ញុំបានបង្ហាញពីសត្វអង្ក្រងហើយនឹងត្រី ព្រោះថា តាម​ពិតយើងត្រូវជ្រើសរើស​ស្រ​​មោចទេ ប៉ុន្តែស្រមោចវាតូចពេក ដល់អីច្ចឹងការថតវាពិបាក ដូច្នេះ​យើងជ្រើសរើស​តំ​ណា​ងអង្រ្កង តំណាងស្រមោចជាមួយត្រីជាតួអង្គ​ហើយអង្រ្កងក៏​តំណាង​ឱ្យ​មនុស្ស​យើង​ដែ​រ​”។ លោកបានពន្យល់ពីរូបថតនេះថា ​ដូ​ចទឹកឡើងត្រីស៊ីស្រ​មោច​ទឹក​ហោច​ស្រមោចស៊ីត្រី ដូចក្នុងរូបនីមួយៗយើងបានប​ង្ហា​ញអំពីការស្រឡាញ់គ្នា ជាក្រុម​គ្រួសារ ជាប្តី​ប្រពន្ធ មានកូន មានប្រពន្ធរស់នៅជាសម្បុកដូច​រ​ស់​​នៅផ្ទះអីច្ចឹង។ លោកបាន​បន្ថែមថា “អីច្ចឹង​ក្នុងគោលបំណងខ្ញុំចង់ឱ្យទស្សនិកជនដឹងអំពីការរស់នៅ ការស្រ​ឡា​ញ់​គ្នា​ជាមួយក្រុមគ្រួសារ រួមគ្នាចង់ឱ្យប្រជាជនយើងចេះធ្វើការងារខ្លះ យើង​ត្រូវធ្វើកា​រស​ហ​កា​រ​រួ​ម​គ្នាដូចអង្រ្កងអីច្ចឹង។ អង្រ្កងប្រៀបដូចមនុស្ស ​ប៉ុន្តែយើងយកតួអង្គជាអង្រ្កង ដើម្បីឱ្យអ្នក​ទ​ស្ស​នាពិចារណាគិត​ខ្លួន​ឯង ហើយរូបភាពខ្លះឱ្យចេះធ្វើការម្នាក់ឯង នៅម្នាក់ឯងក៏យើងអាច​ធ្វើ​កា​រ​បានដែរ។​ រូបភាព​ខ្លះបង្ហាញការតស៊ូ ដូចថាមនុស្សយើងតស៊ូប្រកបមុខរបរអី្វមួយ​មិ​ន​មែនជាការងាយស្រួល​នោះ​ទេ​គឺលំបាក។” លោកបានឱ្យដឹងទៀតថា សម្រាប់លោកជាអ្នក​ថតរូប​គឺលោកចង់បង្ហាញ​សារ​ទាំងអស់នេះតាម​រ​យៈ​​​​រូបភាព ដោយអត្ថន័យក្នុងរូបភាព​នីមួយៗ បានបង្កប់ន័យច្រើន​ជាងការសរសេរទៅទៀត ដើម្បីឱ្យប្រជាជនយើងចេះធ្វើការ ចេះតស៊ូ និងឱ្យចេះស្រឡាញ់គ្នា ព្រោះទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី​គឺជាសុភាសិតខ្មែរ ចង់បញ្ជាក់ថា អត់​ស្រ​ឡាញ់គ្នា ដូចថា ពេលខ្លួនឯងខ្លាំងធ្វើបាប​អ្នកទន់ខ្សោយ ពេលអ្នកទន់ខ្សោយខ្លាំងវិញ ធ្វើ​បាប់អ្នកផ្សេងទៀត។ លោកបានចាត់ទុករូប​ថតនេះ គឺដូចជាយើងបានឈ្លោះប្រកែកគ្នា នៅ​ពេល​រូបភាព ផលិតឡើង ដើម្បីបន្សាប​បញ្ហាទាំងអស់នេះ ដើម្បីឱ្យប្រជាជនយើងយល់ថា ផ្លូវ​នឹងមិនមែនជាផ្លូវល្អទេ ផ្លូវល្អ ហើយត្រឹមត្រូវ គឺយើងចេះ​ស្រឡាញ់គ្នា រួបរួមសាមគ្គីគ្នា តាម​រយៈសារមួយរបស់ដូនតាយើងដែលគឺចង់ប្រដៅឱ្យកូនចៅ​ខ្មែរ​យើងចេះស្រឡាញ់គ្នា កុំឱ្យ​ធ្វើ​បាបគ្នា ហើយនេះគឺគ្រាន់​តែ​ប​ង្ហាញនូវ​លក្ខណៈ​មិ​នមែន​ជាសារផ្ទាល់នោះ​ទេ តែជាសារតាម​រយៈ​រូបភាព។

កញ្ញា អ៊ូច កណ្ណិកា និស្សិតរៀននៅសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈ ជំនាញផ្នែកដេគ័រ និងកញ្ញា ម៉េង ពេជ្រចរណៃ  ជានិស្សិតជំនាញផ្នែកស្ថាបត្យកម្ម បានកត់សម្គាល់ឃើញថា ការ​កែ​ច្នៃសំរាម និងវត្ថុដែលគេបោះចោលយកមកធ្វើជារូបភាពដើម្បីដាក់តាំ​ងបង្ហាញនៅ​ទីនេះ​គឺវាល្អ និង​វា​ប្លែក ដែលបានជួយដល់បរិស្ថាន ហើយបានកែច្នៃឡើងវិញ ដូច​ជាក្រ​ណា​ត់​​ចាស់ៗ​ដែលត្រូវ​បាន​បោះចោលរួចហើយនោះ។ កញ្ញាបានបញ្ជាក់ថា “កាលណារបស់ចាស់​បោះចោលរហូតអីចឹ្ចង វាកើនសំរាមច្រើន និងអាចធ្វើឱ្យកើនឡើងកម្តៅផែនដី តែពួកគាត់យក​របស់​គេចោលមកកែច្នៃឱ្យ​គេគ្រប់គ្នាចា​ប់អា​រ​ម្ម​ណ៍​អា​ចលើកស្ទួយដល់ការគិតរបស់កូនខ្មែរ​ជំនា​ន់​​ក្រោ​យឱ្យចេះកែច្នៃរបស់ដែលយើងបោះចោល ហើយកែ​ច្នៃ​ឱ្យមានតម្លៃប្រើប្រាស់បាន​ម្ដង​ទៀ​ត”។​

ចំណែកកញ្ញា លុយ វាសនា ជាគ្រូបង្រៀនភាសាអង់គ្លេសនៅរាជធានីភ្នំពេញយល់​ឃើញថា  សិល្បករនីមួយៗ ពួកគាត់ចង់ឱ្យមហាជនគិតថា របស់ចាស់ៗទាំងអស់នេះ ក៏​មា​ន​​តម្លៃដែរ ហើយក៏មិនកែច្នៃរបស់ថ្មី យើងយករបស់ចាស់ដែលយើងមាន យកមកកែច្នៃធ្វើអ្វី​មួ​យ​ ដើម្បីជាវត្ថុសិល្បៈ និងឧបករណ៍ប្រើប្រាស់បាន។ កញ្ញាបានបន្ដថា បើសិនយើងចោល​របស់​អស់នឹងទាំងនោះ យើងអត់យកមកប្រើប្រាស់​ឡើ​ង​វិញទេ​វាអាចជាកាកសំណល់​មួយ​ច្រើនបន្ថែមទៀតក្នុងទីក្រុង ឬតាមតំបន់នៅក្នុងប្រទេស។ តែបើយើងកែច្នៃ​រ​ប​ស់អស់នឹងយក​មកធ្វើជាវត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ដែលយកមកពីចំណែកដ៏ធំចេញពីសំរាម ​គឺ​អា​ច​កែ​ច្នៃ​ ធ្វើជារបស់ដែលមានតម្លៃ សម្រាប់ទស្សនិកជនអាចទស្សនា និងយកទៅប្រើបានថែមទៀត។​កញ្ញាបានបន្ថែមថា “សម្រាប់ខ្ញុំកាន់តែធ្វើឱ្យខ្ញុំ​គិ​ត​ថា របស់ដែលគេបោះចោល ដូចជាក្រណាត់ សារ៉ុង ឬជាក្រដាស់កាសែតអីហ្នឹង វាមានតម្លៃ អីច្ចឹងយើងអាចច្នៃមកធ្វើអ្វីដែលជារបស់យើង ហើយដើម្បីឱ្យក្មេងៗដែលជាមនុស្សជំនាន់​ក្រោ​យ ដែលគាត់អត់ស្គាល់ហ្នឹង គាត់អាចស្គាល់​បានថា របស់អស់ទាំងនេះក៏យើងអាចយកមកច្នៃបាន ដើម្បីផ្សារភ្ជាប់រវាងបរិស្ថាន និងសិល្បៈ និងរបស់ផ្សេងៗនៅជុំវិញខ្លួនយើងឱ្យបង្កើតជាផ្នែកអ្វីមួ​យ”​។​

លោក លាង ស៊ីកន បានបង្ហាញនូវរូបថតសត្វមករ ដែលបានដាក់តាំងនៅក្នុងស្ថាន​ទូតបារាំង​នេះគឺជា​ផ្នែក​មួយដែលលោកជាអ្នកសិល្បករចង់បង្ហាញពី​ភា​ព​​ស្រស់ស្អាតដែល​មានរូបសត្វមករនេះ ប្រវែងរហូតដល់៩០ម៉ែត្រ​ហើយការរៀបចំធ្វើរូបនេះ និងបានបង្ហាញ​នៅក្នុង​សិក្ខាសាលាដោយមានអ្នកស្ម័គ្រចិត្ត​មក​ជួយ​ធ្វើក្នុងមួយថ្ងៃ ពី០៦ ទៅ០៧នាក់ គឺប្រើ​រយៈពេលអស់បីខែ នៅសារៈ​ម​ន្ទីរ​​ Fukuoka Asean Art នៅប្រទេសជប៉ុន។ ជាមួយគ្នានេះដែរ លោក៏មានឱកាសបានបង្ហាញខ្លួន​សា​រ​ជាថ្មីរូបសត្វមករនេះនៅស្ថានទូតបារាំង ក្នុងរាជធានី​ភ្នំពេញ។

លោកបានបញ្ជាក់បនែមទៀតថា “ដោយសារតម្រូវការព្រោះសព្វថ្ងៃនេះ ខ្ញុំដើរធ្វើកិច្ច​ការសិល្បៈ ស្ថាប័នណាក៏គេផ្តោតទៅលើ​ប​រិ​ស្ថា​ន អីច្ចឹងហើយបានខ្ញុំត្រូវតែរៀបចំ ហើយ ស្ថាន​​ទូតត្រូវការអ្នករៀបចំ ចង់បានរូបនេះ និងកិច្ចការងារហ្នឹងខ្លាំងណាស់ ដើម្បីបង្ហាញឱ្យ​សាធារណជន​បាន​ឃើញពីសោភ័ណភាពផង អំពីសត្វដែលក្នុងព្រេងនិទានផង ហើយក៏ទាក់​ទងអ្វីដែលជាសារៈ​សំខាន់បំផុតគឺប្លាស្ទិកនឹងតែម្តង”៕

ដោយ គង់ សិរីរ័ត្ន និង អ៊ុន រិទ្ធី