រដ្ឋសភាឯកភាពឲ្យរាជរដ្ឋាភិបាលធានាការទូទាត់ដល់ក្រុមហ៊ុនវិនិយោគលើថាមពលអគ្គិសនី

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ២៦ ០៣ ២០២០៖

រដ្ឋសភា បានឯកភាពឲ្យរាជរដ្ឋាភិបាលធ្វើការធានាការទូទាត់ដល់ក្រុមហ៊ុនវិនិយោគលើការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មថ្មីចំនួនដែលមានអនុភាពសរុប៩៦៥មេហ្កាវ៉ាត់ និងគម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល នៅភាគខាងជើងនៃប្រទេសកម្ពុជា។
អង្គរដ្ឋសភាចំនួន១០៩រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសម័យប្រជុំវិសាមញ្ញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព៧០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង។
ជាមួយគ្នានេះ ក៏អនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព២៦៥មេហ្កាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាបខាងកើត។
ឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា មានប្រសាសន៍ថា ការអនុម័តនូវសេចក្តីព្រាងច្បាប់ទាំង៣នេះ គឺជាការបើកផ្លូវ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំណាងរាជរដ្ឋាភិបាល ដែលទទួលការពារសេចក្តីព្រាងច្បាប់ទាំងនេះ បានសន្យាជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ឲ្យបានគ្របដណ្តប់គ្រប់ភូមិ និងរោងចក្រ សហគ្រាស ជាមួយតម្លៃសមរម្យ ស្របតាមផែនការបញ្ចុះតម្លៃអគ្គិសនី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ប្រទេសកម្ពុជាមានទំនប់វារីអគ្គិសនីសរុបចំនូន៧ ដែលថាមពលអគ្គិសនីចំនួន១.៣២៨មេហ្កាវ៉ាត់ និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន២ រោងចក្រអគ្គិសនីដើរដោយចំហេះប្រេងខ្មៅចំនួន១ រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន២ និងអគ្គិសនីដើរដោយជីវឧស្ម័ន ដែលមានកម្លាំងផលិតសរុបចំនួន២.៣៨៨មេកាវ៉ាត់។
ដោយឡែក ប្រភពថាមពលអគ្គិសនីដែលកម្ពុជានាំចូលពីប្រទេសជិតខាងរួមមានប្រទេសថៃ វៀតណាម និងឡាវ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ មានថាមពលសរុបចំនួនជាង៤៤២មេកាវ៉ាត់៕