ក្រសួងសុខាភិបាលប្រកាសមិនឲ្យប្រជាពលរដ្ឋកុំទិញអាកុលតាមប្រព័ន្ឋអនឡាញ

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី

MC:មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋកុំទិញអាកុលតាម​​ប្រព័ន្ឋអន​​ឡាញ បន្ទាប់ពីផលិផលមួយចំនួនគឺជាផលិផលក្លែងក្លាយប្រើប្រាស់​​ទៅគ្មានគុណភាព​​និងប៉ះពាល់ដល់សុខភាព។

លោក ឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារបរិក្ខាពេទ្យ និងគ្រឿងសំអាង បានមានប្រសាសន៍ថា រាល់ផលិតផលដែលដាក់លក់សម្រាប់សម្លាប់មេរោគកូវីដ១៩ ដែលផ្សព្វផ្សាយលក់នៅលើបណ្តាញសង្គម ឬគណនីណាមួយនោះ គឺជាផលិតផលក្លែងក្លាយ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរនិងមន្រ្តីសុខាភិបាលនោះទេ។

លោកបានបញ្ជាក់ថា ការប្រកាសឲ្យប្រជាពលរដ្ឋកុំទិញទឹកអាកុល ដែលដាក់លក់នៅលើបណ្តាញសង្គមនេះ ខណៈដែលមានបុគ្គលមួយចំនួនបានឈ្លាតឱកាស និងកេងចំណេញ ដើម្បីលក់ទឹកអាល់កុលជូនប្រជាពលរដ្ឋគ្មានគុណភាព និងប៉ះពាល់ដល់សុខភាព។

(សំឡេង)គ្រាន់តែផ្តាំផ្ញើរថាឲ្យទិញកន្លែងមានវិញ្ញែតពីឱសថស្ថានស្របច្បាប់ហើយទាមទាររកមើលថ្ងៃខែផលិតនិងផុតការបរិច្ឆេតការប្រើប្រាស់លេខបញ្ជីការរបស់គេឲ្យបានត្រឹមត្រូវជាមុខសញ្ញាមួយទទួលបានផលល្អ១០០ភាគរយ។បើកាលណាមានករណីអត់ទៀតវានិងប្រឈមខ្លាំងហើយសូមកុំទិញមកប្រើប្រាស់តាមប្រព័ន្ឋអនឡាញភាគច្រើនគឈផលិតផលខុសច្បាប់មិនអាចថាមានប្រភពពីនេះសូមបងប្អូនយើងចាំឲ្យច្បាស់។

លោកបានអះអាងថា ទឹកអាល់កុលដែលប្រើប្រាស់សម្រាប់សម្លាប់មេរោគមានគុណភាព គឺមានការជាល្បាយដែលមានសារធាតុអេតាណុលជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ពិសេសសារធាតុមេតាណុល ចំពោះសារធាតុមេតាណុល មិនត្រូវបានប្រើប្រាស់សំរាប់សំលាប់មេរោគទេ ដែលសារសារធាតុនេះមានមុខងារសំលាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្ដាលឲ្យពុលនិងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក្នុងករណីប្រើប្រាស់សារធាតុមិនបានត្រឹមត្រូវ ៕