អាជ្ញាធរខេត្តប៉ៃលិន បន្តយុទ្ធនាការផ្សព្វផ្សាយការពារវីរុសCOVID-19

វិទ្យុជាតិកម្ពុជា៖ លោក ញ៉ឹប បូរី ប៉ៃលិន មន្ទីរព័ត៌មានប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដាក់វិធានការឲ្យអាជ្ញាធរ ក្រុង ស្រុក ភូមិ ឃុំ បន្តយុទ្ធនាការចុះផ្សព្វផ្សាយតាមមូលដ្ឋាន ចាប់ពីប្រជុំជន រហូតដល់ជនបទ ដើម្បីត្រៀមបង្ការការពារជំងឺ COVID-19 ស្របពេលដែលពិភពលោក មានអ្នកកើតជំងឺ និងស្លាប់ ដោយសារវីរុសនេះរាប់ម៉ឺននាក់។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ ៩៣ករណី ក៍ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេល២-៣ថ្ងៃមកនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។

ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៍ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវយុទ្ធនាការឲ្យមន្រ្តីជំនាញពាក់ពន្ធទាំងអស់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ជំងឺ COVID-19នេះ ទាំងអស់គ្នា។

យោងតាមខ្លឹមសារ នៃយុទ្ធនាការផ្សព្វផ្សាយនេះ បានណែនាំឲ្យប្រជាពលរដ្ឋដែលជាពលករ ទើបវិលត្រឡប់មកដល់ផ្ទះវិញ ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា ខ្លួនមិនមានផ្ទុកជំងឺCOVID-19 និងដើម្បីកុំឲ្យឆ្លងជំងឺនេះទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។ ដោយឡែក អ្នកដែលមានអាការៈគួរឲ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺ COVID-19 ត្រូវប្រញ៉ាប់រាយការណ៍ទៅមន្រ្តីសុខាភិបាល តាមរយៈទូរសព្ទលេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាល ទាន់ពេលវេលា។ ក្រៅពីនេះ ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19ផងដែរ។

សូមបញ្ជាក់ថា៖ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕