ក្រសួងទេសចរណ៍តម្រូវឱ្យម្ចាស់អាជីវកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ចុះបញ្ជីស្នាក់របស់ភ្ញៀវទេសចរតាមអនឡាញឱ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ ក្រសួងទេសចរណ៍តម្រូវឱ្យម្ចាស់អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ប្រើប្រាស់កាតព្វកិច្ចនូវ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍គ្រប់ប្រភេទ តាមរយៈគេហទំព័រផ្លូវការ www.accommodationregistrar.net (លើកលែងសេវាកម្មផ្ទះសំណាក់សហគមន៍) ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការចុះបញ្ជីតាមអនឡាញនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍អាចសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងករណីដែលចាំបាច់ និងមានតំរូវការក្នុងការចូលរួមចំណែលនៅវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
យោងតាមសេចក្តីជូនសំណឹងរបស់ក្រសួងទេសចរណ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនានេះ បាន ស្នើដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់។ ការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។ ជាការឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍បច្ចុប្បន្ន ក្នុងទប់ស្តាត់ការរីករាលដាលចម្លងវីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ មកពីខាងក្រៅចូលក្នុងប្រទេសកម្ពុជា ជាពិសេសត្រូវគ្រប់គ្រងលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនានិងស្នាក់នៅតាមគោលដៅទេសចរណ៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កាកុំឲ្យមានការរីករាលឆ្លងនៅជំងឺកូវី១៩ ។
ក្រសួងទេសចរណ៍សង្ឃឹមយ៉ាងមុតមាំ ចំពោះម្ចាស់អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ មេត្តាចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក ក្រសួងទេសចរណ៍ (នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ) ដែលមានអាសយដ្ឋានដីឡូត៍លេខ៣A ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០៨៩ ៧៦៧ ៦៦៤ ០១៧ ៣៦៥ ៣៩៥ ឬ០១២ ៦៨ ៦៨ ០៩ ជារៀងរាល់ម៉ោងធ្វើការ ៕