រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ជំរុញឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងក្រុមហ៊ុនរាយការណ៍បើមានភ្ញៀវសង្ស័យកើតជំងឺកូវិត-១៩

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជំរុញឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងក្រុមហ៊ុនរាយការណ៍បើមានភ្ញៀវសង្ស័យកើតជំងឺកូវីត-១៩ទៅសមត្ថកិច្ចជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវិត-១៩យ៉ាងមានប្រសិទ្ធភាព។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីនគរបាលអន្ដោប្រវេសន្ដ៍ នៅអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញ សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងមុខសញ្ញាដែលមានផ្ទុកជំងឺកូវីត-១៩ទាំងអស់ ដែលកំពុងស្នាក់នៅបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាឱ្យនគរបាលអន្ដោប្រវេសន្ដ៍ត្រូវក្ដាប់មុខសញ្ញាជំងឺកូវីត-១៩នេះឱ្យបាន ដើម្បីត្រួតពិនិត្យជនបរទេសចេញចូលប្រទេសឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីត-១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកដែលឆ្លងជំងឺកូវិត-១៩ មានចំនួន៩៣នាក់ហើយ៕