សម្ដេចតេជោ អំពាវនាវឲ្យក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ រៀបចំមន្ត្រីរាជការ និងបុគ្គលិកធ្វើការពីផ្ទះ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៥ ០៣ ២០២០
MC៖ សម្ដេចតេជោ អំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ រៀបចំមន្ត្រីរាជការ និងបុគ្គលិកដែលមានភារកិច្ចមិនចាំបាច់ឲ្យធ្វើការពីផ្ទះ និងលុបចោលការស្កេនមេដៃ ដើម្បីចូលរួមបង្ការការពារ និងទប់ស្ដាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងពិធីជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណ៤២២នាក់ នៅវិមាន សន្តិភាព កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនទាំងអស់ត្រូវគិតគូរពីបញ្ហាសុខភាព របស់បុគ្គលិកជាធំ ខណៈដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩។ សម្តេចតេជោ បានបន្ដថា ក្រសួងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន គួរតែចាត់វេណគ្នាធ្វើការ ជៀសវាងការនៅផ្ដុំគ្នា ពិសេសត្រូវរៀបចំបុគ្គលិកណាដែលមិនមានភារកិច្ចចាំបាច់គួតែឲ្យពួកគាត់បំពេញការងារពីផ្ទះ និងបុគ្គលដែលចាំបាច់បំផុត ទើបឲ្យគាត់មកកន្លែងធ្វើការ។ សម្ដេចតេជោ បានលើកទឹកចិត្ត និងជំរុញឲ្យអនុវត្តបន្ដទៀតនូវវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសតាមបណ្តារោងចក្រនានា ដែលជំរុញឲ្យកម្មករ កម្មការិនី ធ្វើការដោយមានការពាក់ម៉ាសគួតែអនុវត្តបន្ដទៀត។ សម្ដេតេជោ ហ៊ុន សែន បានបន្ថែមថា ចំពោះកន្លែងធ្វើការណាដែល តម្រូវឲ្យបុគ្គលិកស្កែនមេដៃ ត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះកន្លែងទាំងនោះជាប្រភពនៃមេរោគ។
សំឡេង៖ «ខ្ញុំអំពាវនាវដល់រោងចក្រសហគ្រាស ក្រុមហ៊ុនស្ថាប័នរដ្ឋ ត្រូវយកចិត្តទុកដាក់ លើការពិនិត្យសុខភាព មន្ដ្រីនិងបុគ្គលិក បុគ្គលិកនិងកម្មករ ខ្ញុំអបអរសាទរនិងកោតសរសើរ ចំពោះបណ្ដារោងចក្រនានា ពិនិត្យសុខភាពកម្មករមុខពេលដែលកម្មចូលធ្វើការ ខ្ញុំលើកទឹកចិត្តឲ្យបន្ដធ្វើនៅកិច្ចការងារនេះ កម្មករពាក់ម៉ាសក្នុងពេលធ្វើការ សូមឲ្យបន្ដធ្វើកិច្ចការងារនេះ នៅតាមបណ្ដាសណ្ឋាគារ ឬកន្លែងនានា ធនាគារក្ដី ឬក៏ដូចហាងលក់ដូរ ផ្សារ កន្លែងស្អីៗហ្នឹងដែលប្រើប្រាស់នូវកម្មករ ត្រូវតែមានការត្រូវពិនិត្យសុខភាព ឲ្យបានជាប្រចាំ តាមស្ថាប័នរដ្ឋខ្ញុំអនុញ្ញាត ឲ្យកាត់បន្ថយការធ្វើការឆ្លាស់គ្នា មិនចាំបាច់ទៅជុំគ្នាថា ២០០០នាក់មកជុំគ្នាទាំង២០០០នាក់នោះទេ ឥឡូវអ្នកដែលមានការចាំបាច់ក្នុងកន្លែងមួយហ្នឹងថា ១០០ អញ្ចឹង១០០ចែកគ្នាជាបីវេណទៅ មកម្ដង៣០ទៅធ្វើទៅ ហើយ៦០នាក់ទៀតធ្វើពីផ្ទះមក ធ្វើតាមអនឡាញហ្នឹង ដើម្បីកាត់បន្ថយចំនួនមនុស្សដែលចូលតាមទីកន្លែងនានា កន្លែងណាបន្ថយបានបន្ថយ ទុកឲ្យមន្ដ្រីរាជការរបស់យើងនៅធ្វើការពីផ្ទះ ហើយកុំឲ្យកកកុញ។ ហើយអារឿងស្ដេនមេដៃស្អីៗហ្នឹង ផ្អាកសិនទៅព្រោះគេហាម ប៉ះអាកន្លែងស្ដែនហ្នឹងទៀត គួតែស្ថាប័នរដ្ឋទាំងអស់ និងក្រុមហ៊ុននានា ផ្អាកទៅអាស្ដេនមេដៃនោះ ព្រោះថាអាហ្នឹងជាតំបន់ឆ្លងរោគ ព្រោះគេហាមឥឡូវគេឲ្យយកកែងដៃទៅចុច ។ខ្ញុំចេញបញ្ជារបញ្ជារអាក្រក់ណាស់ណា ទាហ៊ានបើថាវៃវៃបើមិនវៃទេឯងដេកនៅឲ្យស្ងៀម បំប៉នកម្លាំងតែដល់ពេលវៃវៃអាក្រក់អាក្រី ហើយនេះក៏ដូចគ្នាដែរ ខ្ញុំបញ្ជារឲ្យការពារយកចិត្តទុកដាក់ជាអាទិភាពខ្ពស់បំផុត នៃជីវិតរបស់ប្រជាពលរដ្ឋ អញ្ចឹងទេមិនមែនបញ្ហាស្កេនមេដៃចូលធ្វើការមិនចូលធ្វើការ ជាបញ្ហាសំខាន់ទេ ជីវិតរបស់មន្ដ្រីបុគ្គលិក កម្មករគឺសំខាន់ជាងអាស្កេនមេដៃ»៕