យោធាតួកគីប្តេជ្ញាធានានូវការពង្រីកការល្បាតជាមួយរុស្ស៊ី នៅលើផ្លូវ M4 នៅក្នុងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់តួកគីម្នាក់បានធានាដល់យោធារុស្ស៊ីថា តំបន់ផ្លូវល្បឿនលឿន M4 របស់ប្រទេសស៊ីរី ដែលត្រូវបានគ្រប់គ្រងដោយការល្បាតរួមគ្នារបស់ពួកគេនឹងពង្រីកបន្តិចម្តងៗ។

វរសេនីយ៍ឯកតួកគី លោក Ukay Sagir Oglu បានប្រាប់ក្រុមមន្រ្តីយោធារុស្ស៊ីបន្ទាប់ពីការល្បាតលើកទី២ ថា «យើងនឹងពង្រីក​ផ្លូវបន្តិចម្តងៗដូចដែលយើងបានធ្វើជាមួយគ្នានៅតំបន់ Qamishli ។ យើងចាប់ផ្តើមពីតូច ហើយបង្កើនប្រវែងផ្លូវ​ជាបណ្តើរៗ។ អ្វីដែល​សំខាន់សម្រាប់យើង គឺដើម្បីធានាសន្តិសុខ ដូច្នេះហើយទើបយើងនឹងបន្តកិច្ចសហការគ្នា។ គោលដៅសំខាន់របស់​យើង គឺនាំសន្តិភាព​មកដល់ទឹកដីនេះ។

កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ី និងតួកគី បានធ្វើការល្បាតរួមគ្នាលើកទី២ នៃលើផ្លូវល្បឿនលឿន M4 ដែលតភ្ជាប់ពីអាឡេប៉ូ និងឡាតាគា។ ផ្លូវនេះត្រូវបានកាត់ឱ្យខ្លីដោយហេតុផលសុវត្ថិភាព។ យោធារុស្ស៊ីធ្លាប់បានបញ្ជាក់ថា តួកគីបានសន្យាបន្សាបក្រុមជ្រុល​និយម ហើយដោយហេតុធានាសន្តិសុខនៃការល្បាតតាមបណ្តោយផ្លូវល្បឿនលឿនទាំងមូលឱ្យបានឆាប់បំផុត។

ការល្បាតរួមគ្នានៅតាមបណ្តោយផ្លូវល្បឿនលឿន M4 មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយពួក​សកម្មប្រយុទ្ធ ដែលត្រូវបានធ្វើឡើងដោយអនុលោមតាមអនុស្សារណៈ ស្តីពីបទឈប់បាញ់គ្នានៅខេត្តអ៊ីដលីប ដែលប្រធានាធិបតីរុស្ស៊ី និងតួកគី បានឯកភាពគ្នាក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងមូស្គូកាលពីថ្ងៃទី៥ ខែមីនា។ ការល្បាតលើកដំបូងបាន​ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែមីនា ហើយវាត្រូវបានកាត់បន្ថយរយៈពេលខ្លីជាងមុនដោយសារការបង្កហេតុដោយក្រុមសកម្មប្រយុទ្ធ ដែលមិនបានគ្រប់គ្រងដោយទីក្រុងអង់ការ៉ា៕

(ប្រភព ​Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)