នាវាចម្បាំងនៃកងកម្លាំងជើងទឹករុស្ស៊ីតាមដាននាវា របស់អង្គការណាតូនៅក្នុងសមុទ្រខ្មៅ

AKPភ្នំពេញ  ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — តាមប្រភពពីកងយោធា និងការទូត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃអង្គារថា នាវាចម្បាំង Pytlivy គម្រោង 1135M នៅសមុទ្រខ្មៅ កំពុងតាមដាននាវារបស់អង្គការណាតូដែលចូលទៅក្នុង សមុទ្រខ្មៅកាលពីថ្ងៃចន្ទ។

ប្រភពបាននិយាយថា «កម្លាំងផ្សេងៗ និងមធ្យោបាយឈ្លបយកការណ៍របស់កងនាវាចរសមុទ្រខ្មៅចូលរួមក្នុងការតាមដាននាវា​របស់អង្គការណាតូនេះ។ នាវាយាមល្បាត Pytlivy កំពុងត្រួតពិនិត្យដោយផ្ទាល់នូវនាវាចម្បាំងរបស់អង្គការណាតូទាំងនោះ»។

នាវាចម្បាំងកាំជ្រួចមីស៊ីល Virginio Fasan នៃកងនាវាចរអ៊ីតាលី និង Fredericton នៃកងនាវាចរ កាណាដា បានចូលទៅក្នុង​សមុទ្រខ្មៅកាលពីថ្ងៃចន្ទ។ មជ្ឈមណ្ឌលត្រួតពិនិត្យការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំង និងសមត្ថភាពរបស់កងនាវាចរនៅសមុទ្រ​ខ្មៅ កំពុងតាមដានចលនារបស់កងនាវាចរអង្គការណាតូទាំងពីរ។

យោងតាមគេហទំព័ររបស់កងទ័ពជើងទឹករ៉ូម៉ានីបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការស្នាក់នៅសមុទ្រខ្មៅ កងនាវាចរអង្គការ​ណាតូនឹងធ្វើការតាមដានស្ថានភាពសមុទ្រ ខ្យល់ និងក្រោមទឹក ព្រមទាំងធ្វើសមយុទ្ធរួមគ្នាជាមួយដៃគូក្នុងតំបន់ផងដែរ។

យោងតាមអនុសញ្ញាអន្តរជាតិ Montreux បានឱ្យដឹងថា នាវានៃរដ្ឋដែលមិនមែនជាសមាជិកសមុទ្រខ្មៅអាចស្នាក់នៅក្នុង​សមុទ្រខ្មៅមិនលើសពី ២១ថ្ងៃឡើយ៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)