លោក ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូលបន្ទាន់របស់ក្រុមប្រទេស G20

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ សេវាកម្មសារព័ត៌មាននៃវិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក  វ៉្លាឌីមៀរ ពូទីន នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់ G20 ស្តីពីមេរោគកូរ៉ូណាវីរុស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​ ២០២០។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «នៅថ្ងៃទី២៦ ខែមីនា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល​បន្ទាន់ G20 ដែលនឹងត្រូវធ្វើឡើងក្នុងទម្រង់ជាសន្និសីទវីដេអូ ហើយនឹងផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល​នៃមេរោគឆ្លងកូរ៉ូណាវីរុស និងផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ចពិភពលោក»។

នៅមុននេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ប្រទេសរុស្ស៊ី ត្រូវបានគេអញ្ជើញឱ្យចូលរួមកិច្ចប្រជុំបន្ទាន់ G20 ស្តីពីមេរោគកូរ៉ូណាវីរុស។

មេដឹកនាំនៃក្រុមប្រទេស G20 ត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទវីដេអូមួយនៅថ្ងៃទី២៦ ខែមីនា ដើម្បីពិភាក្សាអំពីការឆ្លងរាល​ដាលនៃមេរោគកូរ៉ូណាវីរុសនេះ។

កាលពីថ្ងៃទី១៨ ខែមីនា ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថា ទីក្រុងរីយ៉ាដគ្រោងនឹងកោះហៅកិច្ចប្រជុំបន្ទាន់ជាក់ស្តែងរបស់ក្រុម G20 ដើម្បីពិភាក្សាអំពីស្ថានភាពជំងឺឆ្លងកូរ៉ូណា វីរុស។ ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងធ្វើជាប្រធាននៃក្រុម​ប្រទេស G20 នៅក្នុងឆ្នាំនេះ។ កិច្ចប្រជុំកំពូលឆ្នាំ ២០២០ របស់ក្រុមនេះត្រូវបានគ្រោងធ្វើនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

ក្រុមប្រទេស G20 រួមមានប្រទេសអូស្រ្តាលី កាណាដា អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក ឥណ្ឌា រុស្ស៊ី អាហ្វ្រិកខាងត្បូង តួកគី អាហ្សង់ទីន ប្រេស៊ីល អេស្ប៉ាញ ម៉ិកស៊ិកូ បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស ចិន ឥណ្ឌូណេស៊ី ជប៉ុន និងកូរ៉េខាងត្បូង៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)