នាយករដ្ឋមន្រ្តីវៀតណាមបញ្ជាឱ្យធ្វើការពិនិត្យ អ្នកចូលទៅក្នុងប្រទេសវៀតណាមទាំងអស់ 

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាឱ្យពិនិត្យយ៉ាងហ្មត់ចត់នូវ​រាល់មនុស្សគ្រប់គ្នា រួមទាំងជនជាតិវៀតណាម និងជនបរទេសដែលចូលមកក្នុងប្រទេសវៀតណាមចាប់តាំងពីថ្ងៃទី៨ ខែមីនា ដើម្បីរក​ឱ្យឃើញករណីឆ្លងមេរោគ COVID-19 និងការពារការរីករាលដាលក្នុងសហគមន៍។

លោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានី-ខេត្ត ដឹកនាំការអនុវត្តការត្រួត​ពិនិត្យ និងបញ្ចប់ការងារឱ្យបានមុនម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២០ នេះ។

បទបញ្ជានេះ គឺជាផ្នែកមួយនៃបទបញ្ជាដែលបានបញ្ចប់ នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា បន្ទាប់ពីកិច្ចប្រជុំកាល​ពីថ្ងៃទី២៣ ខែមីនា របស់សមាជិកអចិន្រ្តៃយ៍រដ្ឋាភិបាល។

ក្រសួងការបរទេសវៀតណាមត្រូវបានប្រគល់ភារកិច្ចឱ្យការិយាល័យតំណាង នៅក្រៅប្រទេសបន្តការងារការពារពលរដ្ឋ និង​លើកទឹកចិត្តប្រជាជនវៀតណាមនៅក្រៅប្រទេសកុំឱ្យប្រមូលផ្តុំគ្នាដូចថ្ងៃមុនៗទៀត ហើយត្រូវបង្ការទៅតាមវិធានការរបស់ប្រទេសម្ចាស់ផ្ទះ​ដែលខ្លួនរស់នៅ។

ក្រសួងនេះត្រូវបានគេប្រាប់ឱ្យធ្វើបញ្ជីករណីដែលត្រូវការវិលត្រឡប់ទៅផ្ទះវិញ និងសម្របសម្រួលជាមួយក្រសួងដឹកជញ្ជូន​ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីរៀបចំជើងហោះហើរសម្រាប់ពួកគេ ប្រសិនបើតំបន់នៃការដាក់ឱ្យនៅដាច់ដោយឡែកក្នុងស្រុកមានអាចប្រើ​ប្រាស់បាន។

នៅក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្រ្តីក៏បានស្នើឱ្យផ្អាកសេវាកម្មដែលមិនចាំបាច់​កាត់បន្ថយចំនួនជើងហោះហើរចុះចតនៅអាកាស​យានដ្ឋានអន្តរជាតិ Noi Bai របស់ទីក្រុងហាណូយ និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat របស់ទីក្រុងហូជីមិញ ទិញឧបករណ៍​ធ្វើតេស្តរហ័ស នឹងជំរុញការទំនាក់ទំនងការពារការឆ្លងនៅក្នុងសហគមន៍។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រានូវករណីចំនួន ១២៣ករណី ដែលត្រូវបានធ្វើតេស្តវិជ្ជមានចំពោះមេរោគ​កូរ៉ូណាវីរុស SARS-CoV-2 ដោយក្នុងនោះមាន ១៧ករណីបានជាសះស្បើយពេញលេញ និងមិនមានអ្នកស្លាប់ឡើយ៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)