នាយករដ្ឋមន្រ្តីវៀតណាម និងសាធារណរដ្ឋឆែក ពិភាក្សាគ្នាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

AKPភ្នំពេញ  ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ — នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាការងារជាមួយសមភាគី​នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋឆែក លោក Andrej Babis តាមទូរស័ព្ទកាលពីថ្ងៃទី២៣ ខែមីនា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

លោក Babis បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម នឹងបានស្នើឱ្យប្រទេសទាំងពីរបង្កើនការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការនៅក្នុងការងារនេះ។

នាយករដ្ឋមន្រ្តី Phuc បានសង្កត់ធ្ងន់ថា ជំងឺ COVID-19 គឺជាបញ្ហាប្រឈមជាទូទៅសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

លោកបាននិយាយថា ប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយសាធារណរដ្ឋឆែក និងដៃគូទាំងអស់របស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ដោយលោកបាននិយាយបន្ថែមថា គ្មានប្រទេសណាអាចធ្វើសកម្មភាពជាឯកតោភាគី​ដើម្បីជម្នះវិបត្តិសេដ្ឋកិច្ចសាធារណៈទូទាំងពិភពលោកនាពេលនេះបានឡើយ។

នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឆែក ដែលបាន​ផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍វៀតណាមនៅក្នុងប្រទេសខ្លួន។

លោកបានស្នើឱ្យរដ្ឋាភិបាលម្ចាស់ផ្ទះបន្តផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ពួកគេ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាព និងធានានូវលក្ខខណ្ឌចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាដៃគូរបស់សាធារណរដ្ឋឆែកលើគ្រប់វិស័យ ដើម្បីជម្នះរាល់ការលំបាកដែលមានស្រាប់ ហើយនឹងដឹកនាំក្រសួង និងទីភ្នាក់ងារនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៃ​សាធារណរដ្ឋឆែកក្នុងការវិលត្រឡប់ទៅមាតុប្រទេសវិញនាពេលខាងមុខ។

លោកបាននិយាយថា ប្រទេសវៀតណាមបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល សភា និងប្រជាជននៃសាធារណរដ្ឋឆែក ដែលបានគាំទ្រដល់ការ​អភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប ជាពិសេសជំរុញការផ្តល់សច្ចាប័នរបស់សភា​អឺរ៉ុបទៅលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប – វៀតណាម និងការអនុម័តយល់ព្រមរបស់សភាសាធារណរដ្ឋឆែកទៅលើ​កិច្ចព្រមព្រៀងកិច្ចការពារការវិនិយោគរវាងសហភាពអឺរ៉ុប – វៀតណាមផងដែរ៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)