ក្រសួងរ៉ែនិងថាមពលបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់សាធារណ:ជនដែលចង់ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ១៥.០៣.២០៖

ក្រសួងរ៉ែនិងថាមពលបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកដល់សាធារណៈជន បណ្ដាក្រុមហ៊ុនជាតិនិងអន្តរជាតិ ជាសាធារណៈក្នុងតំបន់សម្បទានស្វែងរុករករ៉ែចំនួន៤ ទីតាំង ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែនិងថាមពល បានអោយដឹងថា តំបន់សម្បទានស្វែងរុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យសុំ រួមមាន តំបន់សម្បទានស្វែងរករ៉ែទំហំ ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ត្រពាំងទៀម ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។តំបន់សម្បទានស្វែងរុករកទំហំ ១៩៤គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនិងស្រុកជាំក្សាន្តខេត្តព្រះវិហារ។តំបន់ទី៣និងទី៤គឺតំបន់សម្បទានស្វែងរុករក២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកគ្រៀងនិងអន្រ្ទង ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ប្រភពដដែលបញ្ជាក់ថា សាធារណៈជន បណ្ដាក្រុមហ៊ុនជាតិនិងអន្តរជាតិចាប់អារម្មណ៍អាចស្នើសុំពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែនៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ នៃទីស្ដីការក្រសួងរ៉ែនិងថាមពលចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ដោយឡែកពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករករ៉ែដែលបានបំពេញរួចរាល់ត្រូវភ្ជាប់មកជាមួយនូវឯកសារនិងរបាយការណ៍ពាក់ព័ន្ធដាក់ក្នុងស្រោមសំបុត្របិទជិតរួចប្រគល់ជូនការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែនឹងថាមពលយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ខែមេសាឆ្នាំ ២០២០ វេលាម៉ោង ១៧:០០នាទី។ចំពោះប្រធានក្រុមហ៊ុនត្រូវ មកដាក់ពាក្យ សំណុំឯកសារសុំអាជ្ញាប័ណ្ណស្វែងរុករករ៉ែដោយផ្ទាល់ឬប្រគល់សិទ្ធិជូនអ្នកតំណាងរបស់ខ្លួនមកដាក់ជំនួសក៏បានប៉ុន្តែត្រូវមានលិខិតប្រគល់សិទ្ធិពីប្រធានក្រុមហ៊ុន។